បណ្តាញសង្គម

ជម្លោះ នៅប្រទេស យេមែន ធ្វើឲ្យទីក្រុង អាដិន ក្លាយជាទីក្រុង ខ្មោច ខណៈចំនួន អ្នកស្លាប់កើនឡើង

ប៊ីប៊ីស៊ី៖ ប្រធានគណៈកម្មាធិការ កាកបាតក្រហម អន្តរជាតិ ហៅកាត់ថា ICRC ប្រចាំនៅទីក្រុង អាដិន ប្រទេស យេមែន បាននិយាយថា ជម្លោះប្រដាប់អាវុធ ក្នុងប្រទេសនេះ បានធ្វើឡើងទីក្រុង អាដិន ក្លាយទៅជាទីក្រុង ខ្មោច។

យោងតាម សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅ រាត្រីថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែកតាមការ លើកឡើងរបស់លោក រ៉ូប៉ើត ហ្គូសសិនថា ការផ្គត់ផ្គង់ថ្នាំពេទ្យគឺត្រូវការបន្ទាន់ និងចាំបាច់ក្នុងទីក្រុងនោះ។

កាលពីថ្ងៃចន្ទ មានការបញ្ជូនជំនួយ តាមយន្តហោះទៅកាន់ប្រទេស យេមែន ប៉ុន្តែជើងហោះហើរ ដឹកជំនួយនោះ បានត្រឡប់ក្រោយវិញ ដោយសារតែបញ្ហាមួយចំនួន។ ពាក់ព័ន្ធនឹងជម្លោះនេះដែរ បើតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងផងដែរថា មានមនុស្សច្រើនជាង ៥៤០នាក់ បានស្លាប់ ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យេមែន ត្រូវបានលេបត្របាក់ដោយការប្រយុទ្ធគ្នា រវាងក្រុម ប្រដាប់អាវុធ ខុសៗគ្នាជាច្រើន។

បើតាមអង្គការ យូនីសេហ្វ ក៏បានឲ្យដឹងដែរថា ក្នុងជម្លោះនោះបណ្តាលឲ្យកុមារយ៉ាងហោចណាស់ ៧៤នាក់ស្លាប់ និងមនុស្សចំនួន ១.៧០០នាក់ទៀតរបួស។ ជម្លោះដែលធំនោះគឺជម្លោះរវាងក្រុមឧទ្ទាម ហួទី និងកងកម្លំាងដែលស្មោះស្ម័គ្រនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោក ប្រធានាធិបតី អាប់ដ្រាប៊ូ ម៉ាន់ស៊ូ ដែលពេលនេះ បានភៀសខ្លួនទៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

ទីក្រុង អាដិន ត្រូវបានក្រុមឧទ្ទាម ហួទី ឡោមព័ទ្ធ ដោយរុញច្រាន ចាប់ពីភាគខាងត្បូងទីក្រុង សាន់ណាមក ហើយក្នុង រយៈពេល២សប្តាហ៍មកនេះ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារ ពីដែនអាកាស មកលើទីតំាងក្រុមឧទ្ទាមហួទី ដើម្បីជាការឆ្លើយតប ទៅវិញក្រោយ ពីក្រុមនេះ បានចាប់ជនស៊ីវិល អស់ជាច្រើននាក់ ៕

ដកស្រងពី៖ដើមអម្ពិល