បណ្តាញសង្គម

ស្លាប់ ៦ នាក់ និងបាត់ខ្លួន ២ នាក់ ក្នុងគ្រោះទឹកជំនន់នៅប្រទេសថៃ

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃ បាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់ ដែលបង្កឡើងដោយព្យុះត្រូពិច Dianmu បានជះឥទ្ធិពលដល់ស្ទើរតែពាក់កណ្តាលនៃខេត្ត របស់ប្រទេសថៃ ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និង ២ នាក់ទៀត បាត់ខ្លួន។

ភ្លៀងធ្លាក់ បាននាំឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ៣០ នៅភាគកណ្តាល ភាគខាងជើង និងភាគឥសានប្រទេសថៃ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧០.០០០ គ្រួសារ។ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តចំនួន ៧ មានភាពប្រសើរឡើង ប៉ុន្តែនៅតែធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន ២៣ ផ្សេងទៀត។

ក្រុមអ្នកជួយសង្គ្រោះនៅឥសាប្រទេស បានដើរលុយឆ្លងកាត់ទឹកជំនន់ ដែលហូរយ៉ាងលឿនដើម្បីជួយសង្គ្រោះមនុស្សរាប់សិបនាក់ ដែលជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃពុធ ខណៈអាជ្ញាធរ ព្យាយាមបង្ហូរទឹកចេញ និងផ្តល់ជំនួយបន្ថែមដល់ជនរងគ្រោះ។

យោងតាមការព្យាករណ៍អាកាសធាតុ ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃ ទឹកភ្លៀងធ្លាក់ខ្លាំង នឹងបន្តវាយលុកប្រទេស ក្នុងរយៈពេលបីថ្ងៃខាងមុខនេះ ហើយបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី ឬគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមាន។

អាជ្ញាធរ ក៏បានចេញការព្រមានអំពីការកើនឡើងនូវកម្ពស់ទឹកទន្លេ Chaophraya ដែលអាចនាំមកនូវទឹកជំនន់ ដល់រដ្ឋធានីបាងកក និងតំបន់ជុំវិញ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ-ម្សិលមិញនេះ។