បណ្តាញសង្គម

កូរ៉េខាងជើង និយាយថា ខ្លួន បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនថ្មី

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបាញ់ចេញពីឆ្នេរខាងកើតរបស់ខ្លួន កាលពីម្សិលមិញនោះ គឺជាមីស៊ីលលឿនជាងសំឡេង ដែលទើបអភិវឌ្ឍន៍ថ្មីនេះ-ជាអាវុធថ្មីបំផុតចុងក្រោយ ផលិតជាបន្តបន្ទាប់ ដែលត្រូវបានសាកល្បងដោយរដ្ឋឯកាមួយនេះ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្ពោះទៅសមុទ្រនៅឆ្នេរខាងកើតរបស់ខ្លួន ខណៈទីក្រុងព្យុងយ៉ាង បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងលុបចោល “ស្តង់ដារទ្វេ” របស់ពួកគេលើកម្មវិធីអាវុធ ដើម្បីចាប់ផ្តើមកិច្ចចរចាការទូតឡើងវិញ។

KCNA ផ្សាយថា ការអភិវឌ្ឍប្រព័ន្ធអាវុធ គឺបង្កើនសមត្ថភាពការពាររបស់កូរ៉េខាងជើង ដោយពិពណ៌នាមីស៊ីលលឿនជាងសម្លេងនេះថា ជាអាវុធយុទ្ធសាស្ត្រ។ កូរ៉េខាងជើង បានបង្កើតប្រព័ន្ធអាវុធរបស់ខ្លួន-ឥតឈប់ឈរ ចំពេលមានភាពជាប់គាំងក្នុងកិច្ចពិភាក្សា ដែលមានគោលបំណងរុះរើឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។

យោងតាមរបាយការណ៍ផ្សាយ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង Kim Jong Un មិនបានត្រួតពិនិត្យការបាញ់បង្ហោះនេះទេ។ កូរ៉េខាងជើង កាលពីសប្តាហ៍មុន បាននិយាយថា ខ្លួន មានឆន្ទៈពិចារណាកិច្ចប្រជុំកំពូលមួយទៀតជាមួយកូរ៉េខាងត្បូង ប្រសិនបើការគោរពគ្នាទៅវិញទៅមក រវាងប្រទេសជិតខាង អាចត្រូវបានធានានោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អំពាវនាវឱ្យមានការប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។

ប្រទេសកូរ៉េទាំងពីរ បានបាញ់សាកល្បងមីស៊ីលផ្លោង នៅថ្ងៃទី ១៥ ខែកញ្ញា ជាផ្នែកមួយនៃការប្រកួតប្រជែងអាវុធ ដែលប្រទេសទាំងពីរ បានអភិវឌ្ឍន៍អាវុធទំនើបៗ កាន់តែខ្លាំងឡើងៗ ខណៈកិច្ចខិតខំប្រឹងប្រែងបង្ហាញថា គ្មានផ្លែផ្កាក្នុងការចរចារ ដើម្បីកាត់បន្ថយភាពតានតឹង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។