បណ្តាញសង្គម

រកឃើញកូវីដ- ១៩ ជាង ៥១.០០០ ករណីនៅក្នុងពន្ធនាគារម៉ាឡេស៊ី

អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃម៉ាឡេស៊ី បានឲ្យដឹងថា តាមតួលេខពីនាយកដ្ឋានពន្ធនាគារ មនុស្សជាង ៥១.១២៣ នាក់ រួមទាំងអ្នកទោស បុគ្គលិកពន្ធនាគារ និងសមាជិកគ្រួសាររបស់ពួកគេ បានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំមុន។

តួលេខនេះ រួមបញ្ចូលទាំងទារកប្រាំបួននាក់ ដែលបានកើតនៅក្នុងពន្ធនាគារផងដែរ។ រឿងក្តីតុលាការជាច្រើន ត្រូវបានប៉ះពាល់ដោយការឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគារ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកទោស ក៏ដូចជាសមាជិកគ្រួសាររបស់ពួកគេ។

អនុរដ្ឋមន្រ្តីរូបនេះ បានឆ្លើយតបថា ក្រសួងរបស់លោក នឹងធានាថា គ្រប់បុគ្គលិកពន្ធនាគារនិងអ្នកទោសទាំងអស់ ត្រូវបានផ្តល់វ៉ាក់សាំង។ ដោយដកស្រង់ស្ថិតិពីនាយកដ្ឋានពន្ធនាគារ កាលពីព្រឹកថ្ងៃ អនុរដ្ឋមន្រ្តីរូបនេះ បានកត់សម្គាល់ថា មានបញ្ហាចង្អៀតណែននៅក្នុងប្រព័ន្ធពន្ធនាគាររបស់ប្រទេសម៉ាឡេស៊ី។

បច្ចុប្បន្នអ្នកទោស មានចំនួន ៦៩.៥០៧ នាក់។ នេះ គឺលើសពីចំណុះពន្ធនាគារនៅទូទាំងប្រទេសចំនួន ១៣.៥% ដែលស្មើនឹង ៦១.២០០ នាក់។ ម៉ាឡេស៊ី បានចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយការចង្អៀតណែន ដែលរួមមានការផ្លាស់ប្តូរអ្នកទោសទៅពន្ធនាគារ ដែលមិនសូវមានមនុស្ស។

ប្តូរអតីតជំរុំបណ្តុះបណ្តាលសេវាកម្មជាតិទៅជាពន្ធនាគារផ្កាយរណប និងបង្កើតមជ្ឈមណ្ឌលឆ្លងកាត់នៅក្នុងពន្ធនាគារ សម្រាប់អ្នកទោស និងអ្នកជាប់ឃុំឃាំង ដែលមានហានិភ័យទាប។ ម៉ាឡេស៊ី ក៏មានគម្រោងអនុញ្ញាតឱ្យមានអ្នកទោសប្រហែល ២ ភាគ ៣ ដែលសមល្មមទទួលកម្មវិធីកែប្រែនៅខាងក្រៅពន្ធនាគារ ឬក៏តាមកម្មវិធីនានាពីសហគមន៍ផ្សេងៗ។

ក្រោមផែនការម៉ាឡេស៊ីលើកទី ១២ ដែលបានលើមកពិភាក្សាកាលថ្ងៃច័ន្ទ រដ្ឋាភិបាល គ្រោងបង្កើនការគ្រប់គ្រង និងប្រតិបត្តិការពន្ធនាគារ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវមណ្ឌលឃុំឃាំងក៏ដូចជាកម្មវិធីស្តារនីតិសម្បទា និងកែប្រែរបស់ពួកគេ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី នៅថ្ងៃពុធនេះ។