បណ្តាញសង្គម

ថៃ គ្រោងកាត់បន្ថយរយៈពេលចត្តាឡីស័កជំងឺកូវីដ -១៩ និងបើកដំណើរការ ទទួលភ្ញៀវអន្តរជាតិឡើងវិញ

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) បានឲ្យដឹងថា ប្រទេសថៃកំពុងរៀបចំកាត់បន្ថយតម្រូវការចត្តាឡិស័ករបស់ខ្លួន សម្រាប់អ្នកទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយបើកដំណើរការប្រទេសនេះឡើងវិញជា ៤ ដំណាក់កាលដោយចាប់ផ្តើមពីខែតុលា នេះតទៅ។

ចាប់ពីថ្ងៃទី ១ ខែតុលា អ្នកទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិច ១៤ ថ្ងៃ ហើយអាចបញ្ជាក់ដោយវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក តែរយះពេល ៧ ថ្ងៃទេ នៅពេលពួកគេ មកដល់។ តែសម្រាប់រដ្ឋធានីបាងកក មានការផ្លាស់ប្តូរផែនការ ដោយការបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញដំបូង ត្រូវបានគ្រោងទុកនៅពាក់កណ្តាលខែតុលា។

អ្នកទេសចរអន្តរជាតិ ដែលមិនបានចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃសិន ប្រសិនបើពួកគេចូលប្រទេសថៃ តាមសមុទ្រ ឬតាមអាកាស។ តែបើពួកគេចូលតាមផ្លូវគោក រយៈពេលចត្តាឡីស័ក នឹងមានរយៈពេល ១៤ ថ្ងៃ។

យោងតាម CCSA ពួកគេ ក៏នឹងត្រូវធ្វើតេស្ត PCR ពីរដងផងដែរ បន្ទាប់ពីពួកគេ មកដល់។ បច្ចុប្បន្ន អ្នកទេសចរអន្តរជាតិទាំងអស់ ត្រូវស្ថិតនៅក្នុងរយៈពេលកំណត់ចត្តាឡីស័ក ១៤ ថ្ងៃលុះត្រាតែពួកគេ ចូលរួមក្នុងគម្រោងទេសចរណ៍គ្មានការធ្វើចត្តាឡីស័ករបស់ប្រទេសថៃ។

ក្រៅពីកែសម្រួលតម្រូវការចត្តាឡីស័ក ប្រទេសថៃ ក៏បានដាក់ចេញនូវផែនការបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ ជា ៤ ដំណាក់កាល។

នៅក្នុងដំណាក់កាលនីមួយៗ ខេត្តផ្សេងៗគ្នា នឹងត្រូវបានបន្ថែមទៅក្នុងតំបន់ខៀវ ដែលការធ្វើដំណើរ មិនត្រូវបានហាមឃាត់ ហើយសកម្មភាពសង្គមផ្សេងៗ ក៏ដូចជាការជួបជុំមនុស្ស មិនលើសពី ៥០០ នាក់ ត្រូវបានអនុញ្ញាត នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីថ្ងៃចន្ទ-ម្សិលមិញ។