បណ្តាញសង្គម

តាលីបង់ ដាក់ឈ្មោះរដ្ឋមន្ត្រី ដែលនៅសេសសល់ក្នុងរដ្ឋាភិបាលថែរក្សាអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលថែរក្សា ដែលទើបបង្កើតថ្មីនៅអាហ្វហ្គានីស្ថាន បានដាក់ឈ្មោះរដ្ឋមន្ត្រី និងសមាជិកនានា ដែលនៅសេសសល់របស់ខ្លួន។

លោក Mujahid បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា “សមាជិកគណៈរដ្ឋមន្ត្រី ដែលទើបណែនាំថ្មី គឺជាបុគ្គលមានលក្ខណៈសម្បត្តិវិជ្ជាជីវះ រួមមានវេជ្ជបណ្ឌិត អ្នកជំនួញជើងចាស់ និងសុទ្ធតែជាមនុស្ស មានការអប់រំខ្ពស់ ក៏ដូចជាមកពីជនជាតិភាគតិច” ។

ពួកគេ ត្រូវបានតែងតាំង ស្របតាមក្រឹត្យរបស់មេដឹកនាំកំពូលតាលីបង់ លោក Mullah Haibatullah Akhundzada។ Mujahid ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា សហគមន៍អន្តរជាតិ នឹងផ្តល់ការទទួលស្គាល់ដល់អេមីរ៉ាតអ៊ីស្លាម Islamic Emirate មួយនេះ។

នៅក្នុងសន្និសីទសារព័ត៌មានលោក Mujahid បានបដិសេធវត្តមានរបស់ក្រុមរដ្ឋអ៊ីស្លាម ក្រុម al-Qaida ឬក្រុមភេរវករដទៃទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា អេមីរ៉ាតអ៊ីស្លាម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចក្រុមភេរវករណាមួយ ហើយមិនអនុញ្ញាតឱ្យទឹកដីអាហ្វហ្គានីស្ថានណាមួយ ត្រូវបានគេប្រើប្រឆាំងនឹងប្រទេសណាមួយឡើយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ-ម្សិលមិញ។