បណ្តាញសង្គម

គ្រោះរញ្ជួយដី វាយប្រហារនៅជិតទីក្រុងមែលប៊ន

 គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុងមែលប៊ន នៅថ្ងៃពុធ (២២ កញ្ញា)នេះ ដែលជាគ្រោះរញ្ជួយដីដ៏ធំបំផុតមួយ ក្នុងកំណត់ត្រារបស់ប្រទេសនេះ ដែលបានធ្វើឱ្យខូចខាតអគារនៅក្នុងទីក្រុងធំបំផុតទី ២ របស់ប្រទេសនេះ និងបង្កការរញ្ជួយទូទាំងរដ្ឋជិតខាង។

ភូគម្ភសាស្រ្តអូស្រា្តលី បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅជិតទីក្រុង ជនបទ Mansfield ក្នុងរដ្ឋ Victoria ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងមែលប៊ន ហើយស្ថិតនៅជម្រៅ ១០ គីឡូម៉ែត្រ។ ការរញ្ជួយដីបន្ទាប់ ត្រូវបានវាយតម្លៃក្នុងកម្រិត ៤.០ ។

រូបភាព និងវីដេអូ ដែលកំពុងសាយភាយនៅលើបណ្តាញសង្គម បានបង្ហាញពីកម្ទេចកម្ទី បាំងរាំងផ្លូវមួយ នៅតាមដងផ្លូវសំខាន់ៗនៃទីក្រុងមែលប៊ន ខណៈប្រជាជននៅផ្នែកខាងជើងនៃទីក្រុង បាននិយាយនៅលើបណ្តាញសង្គមថា អគ្គិសនីពួកគេ ត្រូវបានកាត់ផ្តាច់ ហើយអ្នកផ្សេងទៀតនិយាយថា ពួកគេ ត្រូវបានជម្លៀសចេញពីអគារ។

ការរញ្ជួយដីនេះ មានរំញ័រឆ្ងាយរហូតដល់ទីក្រុងអាដឺឡេដ Adelaide ចម្ងាយ ៨០០ គីឡូម៉ែត្រទៅខាងលិចនៅរដ្ឋអូស្រ្តាលីខាងត្បូង និងទីក្រុងស៊ីដនី ចម្ងាយ ៩០០ គីឡូម៉ែត្រទៅខាងជើងនៅរដ្ឋ New South Wales ។

មិនមានសេចក្តីរាយការណ៍ពីការរងរបួស និងការខូចខាតនៅខាងក្រៅទីក្រុងមែលប៊នទេ។ ប្រជាជនជាងពាក់កណ្តាលនៃប្រជាជន ២៥ លាននាក់របស់អូស្ត្រាលី រស់នៅភាគអាគ្នេយ៍នៃប្រទេស ពីទីក្រុង Adelaide ទៅទីក្រុងមែលប៊ន និងទៅស៊ីដនី។

ក្នុងកម្រិតប្រហែល ៦.០ រ៉ិចទ័រនេះ គឺជា “ព្រឹត្តិការណ៍ធំបំផុត និងមានលក្ខណៈខុសពីធម្មតានៅភាគអាគ្នេយ៍អូស្ត្រាលី អស់រយៈពេលជាយូរមកហើយ” នេះបើតាមលោក Mike Sandiford អ្នកភូមិសាស្ត្រនៅសាកលវិទ្យាល័យមែលប៊ន បានប្រាប់ AFP ដោយសារតែទីតាំងរបស់វា ស្ថិតនៅចំកណ្តាលចាន រចិតវិវត្តន៍ ឥណ្ឌូ-អូស្ត្រាលី។