បណ្តាញសង្គម

ចិន​ប្រុស​ស្រី​ជាង​៧០​នាក់​ចង់ទៅ​ស្រុក​វិញ តែ​ទៅ​មិន​​រួច លើកគ្នា​មក​​ស្ថានទូត

រាជធានីភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីចំនួន៧៥នាក់ បាននាំគ្នាមកឈរកាន់បដា និងមានកាន់ទង់ជាតិរបស់ប្រទេសចិននៅក្នុងដៃគ្រវី ដោយខ្លះមកពីក្រុងព្រះសីហនុ ខ្លះនៅភ្នំពេញ និងមួយចំនួនទៀតមកពីតាមបណ្តាខេត្តផ្សេងៗគ្នាទៀតនោះ បានលើកគ្នាមកកាន់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា

ក្នុងគោលបំណងស្នើសុំអោយខាងស្ថានទូតជួយធ្វើអន្តរាគមន៍ជួយអោយពួកគេទាំងអស់គ្នាបានវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ដោយសារតែបិទការហោះហើរ និងគ្មានជើងយន្តជិះទៅ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចខណ្ឌចំការមនជាច្រើននាក់ ចុះមកជួយរៀបចំសណ្តាប់ធ្នាប់ផងដែរ។

ការលើកគ្នាមកសុំការអន្តរាគមន៍ខាងលើនេះដែរ បានធ្វើឡើងកាលពីវេលម៉ោង០៩ព្រឹក ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២១ នៅចំណុចខាងមុខស្ថានទូតចិន ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។នគរបាលប្រចាំការនៅស្ថានទូតម្នាក់ បានប្រាប់ឱ្យដឹងថា ពេលនេះដែរ មានជនជាតិចិន ដែលមានគ្នាប្រមាណជា ៧០ នាក់ បាននាំគ្នាមកកាន់ស្ថានទូត ក្នុងគោលបំណងសុំជួយអន្តរាគមន៍អោយពួកគេបានវិលត្រឡប់ទៅស្រុកវិញ តែគេបិទជើងយន្តហោះមិនអោយទៅ។

ទើបបានជាពួកគេនាំគ្នាមកកាន់ទីនេះ ដើម្បីសុំអោយខាងស្ថានទូតជួយអន្តរាគមន៍ ។ ហើយគាត់ក៏មិនបានដឹងដែរថា តើក្រុមជនជាតិចិនទាំងនេះមកពីទីណាដែរ? បានជានាំគ្នាមកឈរកាន់បដា និងទង់ជាតិនៅក្នុងដៃគ្រប់គ្នាបែបនេះនោះ។បើតាមប្រភពពីកម្លាំងមានសមត្ថកិច្ចខណ្ឌចំការមនម្នាក់ បានប្រាប់ឱ្យដឹងថា នៅព្រឹកនេះដែរ មានជនជាតិចិនប្រុសស្រីចំនួន៧៥នាក់ ដែលខ្លះមកពីក្រុងព្រះសីហនុ ខ្លះនៅក្នុងរាជធានីភ្នំពេញ និងមួយចំនួនទៀតមកពីតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

ពួកគេភាគច្រើនបានធ្វើដំណើរតាមម៉ូតូកង់បីនាំគ្នាមកកាន់ស្ថានទូតរបស់ប្រទេសចិន ប្រចាំនៅប្រទេសខ្មែរ របស់យើង ដើម្បីស្នើសុំការអន្តរាគមន៍អំពីសំណាក់ស្ថានទូត ធ្វើយ៉ាងណាអោយពួកគេបានទៅស្រុកកំណើតរបស់គេវិញ ព្រោះថា ពួកគេគ្មានជើងយន្តហោះណាមួយត្រូវជិះ ។

ហើយនៅពេលនេះ ខាងស្ថានទូតក៏បានអនុញ្ញាតិអោយតំណាង របស់ពួកគេចំនួន២នាក់បានចូលទៅក្នុងរួចហើយ ដោយមិនទាន់ដឹងថា តើមានដំណោះស្រាយយ៉ាងណានៅឡើយ?ប្រភពដដែលបន្តថា ក្នុងពេលដែលក្រុមជនជាតិចិនប្រុសស្រីទាំង៧៥នាក់ នាំគ្នាមកឈរកាន់បដា និង គ្រវីទង់ជាតិនៅក្នុងដៃនៅខាងមុខស្ថានទូតចិននាពេលនេះ ក៏មានកម្លាំងរបស់អាជ្ញាធរខណ្ឌចំការមនយ៉ាងច្រើនបាននាំគ្នាចុះទៅរង់ចាំធ្វើសណ្តាប់ធ្នាប់ និងរបៀបរាបរយនៅខាងមុខស្ថានទូតនោះផងដែរ។

ប្រភពដដែលបន្តទៀតថា តែនៅពេលដែលមានការស្នើសុំអំពីសំណាក់ស្ថានទូតចិន សុំអោយពួកគេទៅឈរនៅលើផ្លូវម្ខាងទៀតទល់មុខនឹងស្ថានទូត ដើម្បីរង់ចាំតំណាងរបស់ពួកគេ២នាក់ចេញមកវិញនោះ គឺពួកគេមិនព្រមឡើយ ហើយខាងកម្លាំងរបស់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនក៏បានទៅនិយាយណែនាំ ក៏ពួកគេនៅមិនស្តាប់ និងឈានទៅដល់ការប៉ះទង្គិច ដោយរុញច្រានគ្នាមួយប្រាវ ក៏ពួកគេនៅតែមិនទៅណា និងសុខចិត្តក្រាញដេកននៀលលើដី និងបន្តឈរនៅក្បែររបងមុខស្ថានទូតជាបន្តទៀត។

គួរបញ្ជាក់ថា រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល ក្រោយពីចូលទៅក្នុងស្ថានទូតអស់រយៈពេលជាច្រើន ម៉ោងហើយ ទើបឃើញតំណាងរបស់ពួកគេទាំង២នាក់ចេញមកក្រៅវិញ ដោយមិនមានដំណោះស្រាយអ្វីឡើយ ហើយក៏បាននាំគ្នាធ្វើការរំសាយចេញទៅវិញបាត់អស់ទៅ។

ដកស្រង់ពី៖ កោះសន្តិភាព