បណ្តាញសង្គម

អង្គការសុខភាពពិភពលោក និយាយថា មិនចាំបាច់ត្រូវការវ៉ាក់សាំង COVID-19 ដូសជម្រុញទេឥឡូវនេះ

 អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ទិន្នន័យបច្ចុប្បន្ន មិនបានបង្ហាញថា វ៉ាក់សាំងការពារកូវីដ -១៩ ដូសជម្រុញ គឺត្រូវការជាចាំបាច់ឡើយ ដោយបន្ថែមថា មនុស្ស ដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក គួរតែត្រូវបានចាក់វ៉ាក់សាំងឱ្យបានពេញលេញ មុនពេលប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ដាក់ពង្រាយនូវវ៉ាក់សាំងជម្រុញ។

ការអត្ថាធិប្បាយនេះ បានកើតឡើង មុនពេលដែលរដ្ឋាភិបាលអាមេរិក បាននិយាយថា ខ្លួនមានគម្រោងផ្តល់ដូសជម្រុញដល់ប្រជាជនអាមេរិកទាំងអស់ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដោយការឆ្លង Delta មានកំណើន។

ប្រធានវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan ត្រូវ បានសួរអំពីតម្រូវការដូសជម្រុញ សម្រាប់បង្កើនការការពារប្រឆាំងនឹងជំងឺនេះ បានប្រាប់សន្និសីទសារព័ត៌មានទីក្រុងហ្សឺណែវថា៖ «យើងជឿជាក់យ៉ាងច្បាស់ថា ទិន្នន័យនៅថ្ងៃនេះ មិនបង្ហាញថា ដូសជម្រុញ គឺចាំបាច់ទេ» ប៉ុន្តែ យើងត្រូវការ ការស្រាវជ្រាវបន្ថែមទៀត។

ទីប្រឹក្សាជាន់ខ្ពស់របស់ WHO លោក Bruce Aylward ដោយនិយាយសំដៅលើការចាក់ដូស ដែលកំពុងចាក់នៅតាមប្រទេស ដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន បានប្រាប់អ្នកយកព័ត៌មានថា “មានវ៉ាក់សាំងគ្រប់គ្រាន់នៅជុំវិញពិភពលោក ប៉ុន្តែវា មិនបានទៅដល់កន្លែងត្រឹមត្រូវទេ” ។

ដូសពីរដង គួរតែត្រូវបានផ្តល់ទៅឱ្យអ្នក ដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក មុនពេលដូសជម្រុញ ត្រូវបានចាក់ដល់អ្នក ដែលបានចាក់វ៉ាក់សាំងពេញលេញ។ លោក បាននិយាយថា "យើង នៅវែងឆ្ងាយពីនេះ" នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ។