បណ្តាញសង្គម

ចិន ធ្វើសមយុទ្ធឈ្លានពានក្បែរកោះតៃវ៉ាន់ បន្ទាប់ពីមានការបង្កហេតុ

 ប្រទេសចិន បានធ្វើសមយុទ្ធឈ្លានពាន នៅក្បែរកោះតៃវ៉ាន់នៅថ្ងៃអង្គារទី ១៧ ខែសីហានេះ ដោយមាននាវាចម្បាំង និងយន្តហោះប្រយុទ្ធ ធ្វើសមយុទ្ធនៅភាគនិរតី និងភាគអាគ្នេយ៍នៃកោះក្នុងអ្វីដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ និយាយថា ជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែកពីខាងក្រៅ និងការបង្កហេតុ។

កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ចិន បានត្អូញត្អែរពីការធ្វើសមយុទ្ធកងទ័ពរំដោះប្រជាជនចិន PLA ម្តងហើយម្តងទៀតនៅក្បែរនោះ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធ ដើម្បីបង្ខំឲ្យកោះនេះ ទទួលយកអធិបតេយ្យភាពរបស់ចិន។

បញ្ជាការទាានភាគខាងកើតរបស់ PLA បាននិយាយថា នាវាចម្បាំង យន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះចម្បាំង ត្រូវបានបញ្ជូនទៅជិតកោះតៃវ៉ាន់ ដើម្បីអនុវត្ត “ការបាញ់កាំភ្លើងរួមគ្នា និងសមយុទ្ធផ្សេងទៀត ដោយប្រើកងទ័ពពិតប្រាកដ” ។

មិនមានព័ត៌មានលម្អិត ត្រូវបានផ្តល់ទេ។ មិនមានការឆ្លើយតបភ្លាមៗពីក្រសួងការពារជាតិតៃវ៉ាន់ទេ។ សេចក្តីថ្លែងការណ៍របស់ PLA បានកត់សម្គាល់ថា ថ្មីៗនេះសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បានឃុបឃិតគ្នាម្តងហើយម្តងទៀត ក្នុងការបង្កហេតុ និងបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរ រំលោភលើអធិបតេយ្យភាពរបស់ចិន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

វាមិនច្បាស់ភ្លាមៗទេថា អ្វីដែលបណ្តាលឱ្យសកម្មភាពយោធារបស់ចិន កាន់តែក្តៅ ដោយកាលពីដើមខែនេះ សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់លក់អាវុធថ្មីដល់កោះតៃវ៉ាន់ ដែលជាប្រព័ន្ធកាំភ្លើងធំ មានតម្លៃរហូតដល់ ៧៥០ លានដុល្លារអាមេរិក។

ប្រទេសចិន ជឿជាក់ថា ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen គឺជាអ្នកផ្តាច់ខ្លួន ដែលប្រកាន់ខ្ជាប់នូវការប្រកាសឯករាជ្យជាផ្លូវការ ដែលជាខ្សែក្រហមសម្រាប់ទីក្រុងប៉េកាំង។ លោកស្រី Tsai បាននិយាយថា តៃវ៉ាន់ គឺជាប្រទេសឯករាជ្យរួចទៅហើយ ដែលហៅថា សាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់ខ្លួន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។