បណ្តាញសង្គម

ក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន មានការភ័យស្លន់ស្លោនៅទីក្រុង់កាប៊ុល

 ក្រុមយុទ្ធជនតាលីបង់ ដែលមានជ័យជំនះ បានដើរល្បាតនៅទីក្រុងកាប៊ុល កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំរបស់អាហ្វហ្កានីស្ថានយ៉ាងឆាប់រហ័ស ខណៈមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំព្រលានយន្តហោះទីក្រុងនេះ ដើម្បីព្យាយាមរត់គេចពីការគ្រប់គ្រងរឹងរូសរបស់ក្រុមនេះ។

ប្រធានាធិបតី Ashraf Ghani បានហោះចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមបះបោរ បានឡោមព័ទ្ធរដ្ឋធានី ដោយកំណត់ជ័យជម្នះរបស់យោធា ដែលដណ្តើមបានទីក្រុងធំៗ របស់ប្រទេសនេះ ក្នុងការឈ្លានពានដូចរន្ទះ រយៈពេល ១០ ថ្ងៃ។ កងកម្លាំងរដ្ឋាភិបាល បានដួលរលំដោយគ្មានការគាំទ្រពីយោធាអាមេរិក ដែលបានលុកលុយក្នុងឆ្នាំ ២០០១ បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា និងផ្តួលរំលំក្រុមតាលីបង់ ដោយសារគាំទ្រពួកអាល់កៃដា។

ប៉ុន្តែទីបំផុតសហរដ្ឋអាមេរិក បានបរាជ័យក្នុងការកសាងរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានសមត្ថភាពទប់ទល់នឹងពួកតាលីបង់ ទោះបីជាបានចំណាយប្រាក់រាប់ពាន់លានដុល្លារ និងផ្តល់ជំនួយយោធាពីរទសវត្សរ៍ក៏ដោយ។

នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម សហស្ថាបនិកតាលីបង់ លោក Abdul Ghani Baradar បានអំពាវនាវឱ្យយុទ្ធជនរបស់លោក រក្សាវិន័យ បន្ទាប់ពីបានគ្រប់គ្រងទីក្រុងនេះ។

ការកាន់កាប់រដ្ឋធានីរបស់តាលីបង់ បានកើតឡើង ដូចនៅតាមទីក្រុងជាច្រើនទៀត ដែលមានការបង្ហូរឈាមតិចតួច ដែលមនុស្សជាច្រើនមានការភ័យខ្លាច នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃអង្គារនេះ។