បណ្តាញសង្គម

ពួក​សកម្ម​ប្រយុទ្ធ ​រដ្ឋ​ឥស្លាម​រាប់​រយ​នាក់ ​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ នៅ​ទីក្រុង​កូបានី

អាមេរិក៖ មន្ទីរប៉ង់តាហ្គោន បាននិយាយ នៅថ្ងៃពុធថា ការវាយប្រហារ តាមអាកាសដឹកនាំ ដោយសហរដ្ឋអាមេរិក បានសម្លាប់ពួក យុទ្ធជនរដ្ឋឥស្លាម ជាច្រើនរយនាក់ នៅជុំវិញ ទីក្រុងកូបានី របស់ស៊ីរី ប៉ុន្តែខ្លួនបានព្រមានថា ទីក្រុងដែល នៅជិតព្រំដែន របស់ប្រទេស ទួរគី នោះអាចធ្លាក់ទៅ ក្នុងដៃរបស់ក្រុម សកម្មប្រយុទ្ធស៊ុននី។

ក្រុមចម្រុះដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសប្រហែល៤០លើកទៅលើទីក្រុងកូបានី ដែលមានពួកឃើដ ភាគច្រើន នៅក្នុងរយៈពេល ៤៨ម៉ោងកន្លងមក ដែលជាចំនួន ដ៏ច្រើនបំផុត ចាប់តាំងពី មានការវាយប្រហារ នៅក្នុងប្រទេសស៊ីរី ដែលបានចាប់ផ្ដើម នៅថ្ងៃទី២២ ខែកញ្ញាមក។

ឧត្ដមនាវីលោក ចន ឃើប៊ី អ្នកនាំពាក្យរបស់មន្ទីរ ប៉ង់តាហ្គោន និយាយថា ធាតុអាកាសមិនល្អ នៅក្នុងប្រទេស អ៊ីរ៉ាក់ បានធ្វើឲ្យថមថយ អំណាចបាញ់ របស់ក្រុមចម្រុះ ដើម្បីវាយប្រហារ ទៅលើគោលដៅ នៅទីក្រុង កូបានី ។ ប៉ុន្តែលោកបាន បន្ថែមទៀតថា សភាពការណ៍ ធូរស្រាល ដោយពួកជីវពលឃើដ កំពុងត្រួតត្រាទីក្រុងនោះ នៅឡើយ ទោះបីជាតំបន់ខ្លះ ត្រូវបានគ្រប់គ្រង ដោយរដ្ឋឥស្លាមក៏ដោយ។

ការដណ្ដើម កាន់កាប់ទីក្រុង ឃើដ នៅតាមព្រំដែន ជាមួយប្រទេស ទួរគីនោះ បានក្លាយទៅ ជាចំណុចសំខាន់ មួយ នៃកិច្ចប្រឹងប្រែងដឹកនាំដោយ សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ ពួកសកម្មប្រយុទ្ធ ដែលបានកាន់កាប់ ទឹកដី មួយផ្នែកធំ នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។

អង្គការសហប្រជាជាតិ បានព្រមានថា នឹងមានការសម្លាប់រង្គាល ប្រសិនបើទីក្រុងនោះ ធ្លាក់ទៅក្នុងដៃ របស់ពួកសកម្មប្រយុទ្ធ ដែលឥឡូវនេះ ត្រួតត្រាទីក្រុងនោះ ជិតពាក់កណ្ដាលនោះ។ លោកឃើប៊ី និយាយថា មានជនស៊ីវិលតែប៉ុន្មាន រយនាក់ទេ ដែលនៅតែស្ថិតនៅក្នុង ទីក្រុងនោះនៅឡើយ ៕

ដកស្រង់ពី៖កម្ពុជាថ្មី