បណ្តាញសង្គម

រថយន្តក្រុងពីរគ្រឿង បុកគ្នាស្លាប់ និងរបួសជាង ១០០នាក់ នៅប្រទេសតង់សានី

អារូហ្សា៖ បើតាមប៉ូលីស នៃប្រទេស តង់សានី បាននិយាយថា យ៉ាងហោចណាស់ មានអ្នកដំណើរ ៣៦នាក់ បានស្លាប់ និង ៧៩នាក់ទៀត របួស នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ រថយន្តក្រុងពីរគ្រឿង បុកគ្នាចំពីមុខ ក្នុងប្រទេស តង់សានី កាលពីថ្ងៃសុក្រ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៤ថា មេបញ្ជាការប៉ូលីស ប្រចាំនៅតំបន់ ម៉ារ៉ា លោក ហ្វ័រឌីណង់ បានប្រាប់ ស៊ិនហួ តាមទូរស័ព្ទថា ឧប្បតិហេតុនេះ បានកើតឡើង នៅផ្លូវហាយវ៉េ អឹមវ៉ាន់សា ដែលមានរថយន្ត ក្រុង ជូម៉ាន់នី អ៊ិចប្រេស បុកជាមួយរថយន្តក្រុងមួយផេ្សងទៀត ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ត្រង់ចំណុចជិតដល់ស្ពាន។ បើតាមប៉ូលីស គ្រោះថ្នាក់នេះ បានបណ្តាលឲ្យ អ្នកដំណើរចំនួន ៣៦នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នករបួស៧៩នាក់ទៀត ត្រូវបានគេប្រញាប់ ប្រញាល់បញ្ជូន ទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនោះ។

ប្រភពប៉ូលីស បានឲ្យដឹងថា តាមរយៈការស៊ើបអង្កេត នៅមុននេះ បង្ហាញថា អ្នកបើកបររថយន្តក្រុង ជូម៉ាន់នី អ៊ិចប្រេស បានព្យាយាម បត់គេចរថយន្ត ផ្សេងទៀត ខណៈរថយន្ត កំពុងធ្វើដំណើរ រៀបនឹងជិត ទៅដល់ផ្លូវស្ពាន តូចអង្អៀត ហើយឧប្បតិ ហេតុនេះ ប៉ូលីស កំពុងស៊ើបអង្កេតបន្ត។

សូមបញ្ជាក់ថា នេះជាករណី ធំទីពីរហើយក្នុង រយៈពេលជាង មួយខែមកនេះ ចាប់តំាងពីគ្រោះថ្នាក់ កាលពីថ្ងៃទី៣០ ខែកក្កដា កើតឡើង នៅតំបន់ ឌូឌូម៉ា ប្រទេស តង់សានី បណ្តាលឲ្យ អ្នកដំណើរ ១៧នាក់ស្លាប់ និង៥៦នាក់ ទៀតរបួស បន្ទាប់ពីរថយន្ត ក្រុងមួយគ្រឿង បុកជាមួយនឹងឡូរី៕

ដកស្រង់ពី៖ ដើមអម្ពិល