បណ្តាញសង្គម

ប្រធានាធិបតីតួកគី៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mursi ត្រូវគេសម្លាប់, មិនមែនស្លាប់ដោយសារគាំងបេះដូងនោះទេ

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Erdogan នៅថ្ងៃពុធនេះ បាននិយាយថា អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Mursi ត្រូវបានគេសម្លាប់ ពោលគឺមិនមែន ស្លាប់ដោយសារគាំងបេះដូង ដូចដែលអាជ្ញាធរទីក្រុងគែរ លើកឡើងនោះឡើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។ ការលើកឡើងខាងលើ របស់លោក Erdogan ធ្វើឡើងបន្ទាប់ពី ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ  បានអំពាវនាវឱ្យ មានការស៊ើបអង្កេត ដោយឯករាជ្យ ដើម្បីស្វែងរកមូលហេតុ នៃការស្លាប់របស់ លោក Mursi ។

ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីតួកគីរូបនេះ មិនបានបង្ហាញភស្ដុតាងណាមួយ ដើម្បីការពារការអះអាង របស់ខ្លួនឡើយ។ លោក Mohamed Mursi បានជាប់ឆ្នោតជាប្រធានាធិបតីអេហ្ស៊ីប នៅក្នុងការបោះឆ្នោត នៅឆ្នាំ២០១២។ ប៉ុន្តែកាន់អំណាចបានត្រឹមតែមួយឆ្នាំ  លោកត្រូវបាន គេទម្លាក់ចេញពីតំណែង ដោយរដ្ឋប្រហារយោធា នៅឆ្នាំ២០១៣។

លោក Mursi បានទទួលមរណភាព កាលពីថ្ងៃចន្ទកន្លងទៅ ក្នុងវ័យ៦៧ឆ្នាំ ក្រោយដួលសន្លប់ នៅក្នុងបន្ទប់សវនា ការនៃតុលាការទីក្រុងគែរ។ លោក Mursi ដែលជាអតីតប្រធានាធិបតី ជាប់ឆ្នោតតាមបែប ប្រជាធិបតេយ្យដំបូង គេបំផុត នៅក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប សម័យទំនើប  និងជាមេដឹកនាំ អង្គការ Muslim Brotherhood ត្រូវបាន ឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីលោកត្រូវបានគេធ្វើរដ្ឋប្រហារយោធា ទម្លាក់ពីអំណាច  កាលពីឆ្នាំ២០១៣ មកម្លេះ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប លោក Morsi បានទទួលមរណភាពដោយសារតែ ជំងឺគាំងបេះដូង។ ប៉ុន្តែ ក្រុមគ្រួសាររបស់លោក និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស មួយចំនួនបានអំពាវនាវឱ្យ មានការស៊ើបអង្កេត  ដោយបញ្ជាក់ថា អតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះ មិនបានទទួលការព្យាបាលត្រឹមត្រូវ នោះទេ ចំពោះបញ្ហាសុខភាព ដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់  និងជំងឺទឹកនោមផ្អែមជាដើម៕

ដកស្រង់ពី៖ Fresh News