បណ្តាញសង្គម

ប៉េ​អឹ​ម​ឃាត់ខ្លួន​យោធា​ក្លែងក្លាយ ២​នាក់ ពាក់​ស័ក្ដិ​៤ និង​ស័ក្ដិ​៥ បង្អួត​អ្នក​ភូមិ

ខេត្តបាត់ដំបង ៖ បុរសពីរនាក់ ដែលតែងតឺនុយឯកសណ្ធានយោធា ម្នាក់ពាក់ស័ក្ដិ៤ និងម្នាក់ទៀតពាក់ស័ក្ដិ៥ បង្អួតអ្នកភូមិរាល់ថ្ងៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនយកមកសួរនាំ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញថា ជនទាំងពីរនាក់នេះ គ្មានអង្គភាព និងជាយោធាក្លែងក្លាយ ។

ប្រភពមន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនក្លែបន្លំជាយោធាទាំងពីរនាក់នោះ ម្នាក់ឈ្មោះ កាន់ យ៉ុង អាយុ៥០ឆ្នាំ មានមុខរបរ «ឃួងអណ្ដូងទឹក» រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងម្នាក់ទៀតឈ្មោះ សួង តារា អាយុ៣៩ឆ្នាំ មានមុខរបរ «លក់ដូរ» នៅភូមិគោកក្ដូច ឃុំតាពួង ស្រុកថ្មគោល ។

ជនទាំងពីរនាក់នេះ ត្រូវបានកម្លាំងមន្ទីរជំនាញ នៃបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រោយស៊ើបអង្កេតដឹងថា ជនទាំងពីរនាក់បានបន្លំខ្លួនធ្វើជាមន្ត្រីយោធាក្លែងក្លាយ ។

ជាមួយនឹងការឃាត់ខ្លួនជនក្លែងបន្លំទាំងពីរនាក់នេះ បើតាមរបាយការណ៏មន្ត្រីជំនាញ បានដកហូតវត្ថុតាងមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងសម្ភារៈយោធា។

ដូចជាមួក ឯកសណ្ធានយោធា ខ្សែក្រវ៉ា ឋានន្តរស័ក្ដិ គ្រឿងឥស្សរិយស ស្លាកឈ្មោះ ស្លាកសញ្ញាកងទ័ព លិខិតបញ្ជាបេសកកម្ម លិខិតតែងតាំង រថយន្តម៉ាកហាយឡិនឌ័រ ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-8425 និងសម្ភារៈ ពាក់ព័ន្ធមួយចំនួនទៀត ។

ពាក់ព័ន្ធនឹងមន្ត្រីសេះហោះ ២នាក់នេះ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកគេមិនធ្លាប់ឃើញជនពីរនាក់ខាងលើនេះ តឺនុយឯកសណ្ធានយោធាទេ។ គេធ្លាប់ឃើញតែជនម្នាក់ ស៊ីឈ្នូលឃួងអណ្ដូងទឹកឲ្យគេ ប៉ុន្តែមួយរយៈចុងក្រោយ ស្រាប់តែគេឃើញគាត់តឺនុយយោធា ម្នាក់ពាក់ស័ក្ដិ៤ និងម្នាក់ទៀតពាក់ស័ក្ដិ៥ ។

ប្រភពដដែលបានបន្តថា អ្នកភូមិឆ្ងល់គ្រប់គ្នា ដោយសារមួយប៉ព្រិចភ្នែកសោះ អ្នកឃួងអណ្ដូង និងអ្នកលក់ដូរ ទាំង២នាក់នេះ បានធ្វើជាកងទ័ព ហើយថែម បានពាក់ស័ក្ដីធំៗ បង្អួតអ្នកភូមិរាល់ថ្ងៃ ធ្វើឲ្យអ្នកភូមិឆ្ងល់ខ្សិបខ្សៀវតៗគ្នា រហូតបែកធ្លាយដឹងដល់សមត្ថកិច្ច ចុះមកឃាត់ខ្លួនល្មម ។

យ៉ាងណាក្ដី បើតាមមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ថា ជនទាំងពីរនាក់ខាងលើនេះ ពិតជាបានពាក់ឯកសណ្ធាន បន្លំធ្វើជាយោធាមែន។ ពេលនេះ មន្ត្រីជំនាញ កំពុងសួរនាំដើម្បីចាត់ការតាមនីតិវិធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព