បណ្តាញសង្គម

អគ្គនាយកនិយ័តករមូលបត្រកម្ពុជា៖ ការឆបោក (Scam) តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិស័យមូលបត្រ !

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ក្នុងសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សង្គេតឃើញថា មាន Scam (ឆបោក) ជាច្រើនបានកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់វិស័យមូលបត្រ។

លោកបន្តថា និយ័តករមូលបត្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះ។

ការថ្លែងបែបនេះ របស់លោកអគ្គនាយក ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា។

ជាមួយគ្នានេះ លោកជំរុញសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មជាមួយនិយ័តករមូលបត្រកម្ពុជា នៅក្នុងការលើកកម្ពស់ ការយល់ដឹង និងទំនុកចិត្តនៅក្នុងទីផ្សារឱ្យកាន់តែរឹងមាំ ពិសេសជួយទប់ស្កាត់ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកបានថ្លែងថា «សមាគមនឹងក្លាយជាដៃមួយរបស់ និយ័តករមូលបត្រកម្ពុជា នៅក្នុងការជំរុញការផ្សព្វផ្សាយពីអំពើល្មើស ឬ Scam នៅក្នុងទីផ្សារដល់សមាជិកសមាគម ក៏ដូចជាសាធារណជន។

សូមចូលរួមទាំងអស់គ្នា ដើម្បីកសាងទីផ្សារមួយប្រកបដោយសុចរិកភាព, បរិយាបន្ន នវនុវត្តន៍, និរន្តរភាព, សណ្តាប់ធ្នាប់ និងអភិបាលកិច្ចល្អ»។

សូមជម្រាបថា សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសមាជិកជាវិនិយោគិនក្នុងវិស័យមូលបត្រនៅកម្ពុជា។ សមាគមនេះមានចក្ខុវិស័យក្លាយជាសមាគមដែលឈានមុខ និងធំជាងគេ ក្នុងការបណ្តុះបណ្តាលលើការជួញដូរមូលបត្រ ដែលរួមមាន៖ មូលបត្រកម្មសិទ្ធិ, មូលបត្របំណុល, ឧបករណ៍និស្សន្ទ, គម្រោងវិនិយោគរួម, ទ្រព្យឌីជីថល, និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា ឱ្យស្របតាមនីតិវិធីច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

ដកស្រង់ពី៖Fresh New