បណ្តាញសង្គម

គ.ជ.ប៖​ ថ្ងៃទី១៣​ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ បានប្រព្រឹត្តិទៅដោយរលូន

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១៣នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមលទ្ធភាព និងកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក។

បេីតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ឃើញថា៖

* គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី១ មានការចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស និងនៅភូមិភាគផ្សេងទៀត មានការជួបប្រជុំ និងការចាក់មេក្រូផ្សព្វផ្សាយ។

* គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៃភូមិភាគទី២ ខេត្តសៀមរាប នៃភូមិភាគទី៤ និងខេត្តព្រៃវែង នៃភូមិភាគទី៦។

* គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយនៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។

* គណបក្ស កម្លាំងជាតិ បានជួបប្រជុំនៅខេត្តព្រះវិហារ នៃភូមិភាគទី៨។

ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមមាត្រា ១៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឱ្យភូមិភាគទាំង ៨។ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់ www.nec.gov.kh/khmer/content/7450 ។

ដកស្រង់ពី៖Fresh New