បណ្តាញសង្គម

គ.ជ.ប ពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទស្ប៉តវិទ្យុ វីដេអូ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទស្ប៉តវិទ្យុ វីដេអូ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្រោយពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើខ្លឹមសារអត្ថបទវីដេអូ និងឯកសារទាំងនោះ។ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

ទី៖ ឯកភាពលើខ្លឹមសារអត្ថបទវិទ្យុ ចំនួន២រឿង រួមមាន៖

*អត្ថបទវិទ្យុរឿង «ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះ»។

*អត្ថបទវិទ្យុរឿង «វិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ការិយា-ល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ»។

ឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវីដេអូ ចំនួន ២រឿង រួមមាន៖

*អត្ថបទស្ប៉តវីដេអូរឿង «តើអ្វីជាការបោះឆ្នោតអសកល»។

*អត្ថបទស្ប៉តវីដេអូរឿង «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា»។

ឯកភាពលើខ្លឹមសារអត្ថបទចម្រៀងកាយវិការ ចំនួន ២បទរួមមាន៖

*បទចម្រៀង «២៦ ឧសភា ២០២៤ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

*បទចម្រៀង «បោះឆ្នោតអសកល»។

*ឯកភាពលើខ្លឹមសារអត្ថបទវីដេអូគំនូរជីវចល ចំនួន ៣រឿង រួមមាន៖

*អត្ថបទរឿង «ការឃោសនាបោះឆ្នោត»។

*អត្ថបទរឿង «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ»។

• អត្ថបទរឿង «នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា»។

ទី២៖ ឯកភាពលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែងស្តីពី «នីតិវិធីស្តីពីការបោះឆ្នោត និងរាប់សន្លឹក ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ»។

៣. ឯកភាពលើលិខិតបទដ្ឋានគតិយុត្តចំនួន ៧ប្រភេទ រួមមាន៖

*ប្រតិទិន និងសេចក្តីណែនាំស្តីពីការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

*គំរូទម្រង់បញ្ជីបោះឆ្នោតដំបូងសម្រាប់បិទផ្សាយជាសាធារណៈ និងសម្រាប់បង្ហាញលើគេហទំព័រផ្លូវការ គ.ជ.ប។

*គំរូទម្រង់បណ្ណព័ត៌មានអ្នកបោះឆ្នោត។

*ប្រតិទិន និងសេចក្តីសម្រេចស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត និងឯកសារពាក់ព័ន្ធ។

*គំរូទម្រង់បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បិទផ្សាយជាសាធារណៈ សម្រាប់បង្ហោះលើគេហទំព័រផ្លូវការ គ.ជ.ប និងសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត។

*សេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោត ផ្លូវការ។

*សេចក្តីសម្រេចស្តីពីការបញ្ចូលឈ្មោះ និងការលុបឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ប្រធាន គ.ជ.ប បានណែនាំរំលឹកអង្គភាពជំនាញត្រូវយកចិត្តទុកដាក់ និងណែនាំឱ្យច្បាស់ចំពោះការស្រង់អ្នកបោះឆ្នោតឱ្យបានត្រឹមត្រូវដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤៕

ដកស្រង់ពី៖Fresh New