បណ្តាញសង្គម

គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ (UN) កោតសរសើរកម្ពុជា ពីឆន្ទៈប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញា និងការឆ្លើយតបបានយ៉ាងល្អ លើរបាយការណ៍ជាតិលើកដំបូងរបស់ខ្លួន

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង របស់កម្ពុជា និងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នាសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ នាថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោក នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គ ស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោកស្រី ឡុង សូនីតា រួមទាំងលោក ប៉ា ប៉ុណ្ណារ៉ាដា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

កិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិជាយន្តការប្រក្រតីមួយរបស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាដោយរដ្ឋភាគី។

ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិកសមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវឧត្តមានុវត្តបទពិសោធ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ដោយរួមទាំងទិសដៅការងារ និងលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្ត និងការគោរពតាមបទប្បញ្ញត្តិនៃអនុសញ្ញានៅក្នុងរដ្ឋភាគី។

នៅក្នុងកិច្ចសន្ទនារយៈពេលពីរថ្ងៃនេះ សមាជិក សមាជិកានៃគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដាក់របាយការណ៍ជាតិលើកដំបូង ដោយបានពន្យល់ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលធានានូវការអនុវត្តស្របតាមបទប្បបញ្ញត្តិចែងក្នុងអនុសញ្ញានេះ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការ ក៏បានលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងសេចក្តីពន្យល់បន្ថែម ពាក់ព័ន្ធនឹង វិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ពលករទេសន្តរប្រវេសន៍ ការប្រឆាំងការជួញដូរមនុស្ស ឯករាជ្យភាព តុលាការ ប្រព័ន្ធយុត្តិធម៌អនីតិជនជាដើម។

ជាការឆ្លើយតប គណៈប្រតិភូកម្ពុជា បានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ជ ដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ការអនុវត្តជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពនិងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្ស និងការកសាងថែរក្សាបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលកើតចេញពីចក្ខុវិស័យនិងគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានសម្តែងនូវការកោតសរសើរដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំ និងទទួលស្គាល់នូវឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញា ព្រមទាំងការពន្យល់ និងការឆ្លើយតបបានយ៉ាងល្អ ដែលធ្វើឱ្យកិច្ចសន្ទនាបែបស្ថាបនាលើរបាយការណ៍ជាតិលើកដំបូងរបស់កម្ពុជា ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំកាន់តែមានអត្ថន័យ។

បន្ថែមពីលើនេះ គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានត្រៀមលក្ខណៈរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេសជូនចំពោះកម្ពុជា ដើម្បីសម្រួលដល់ការអនុវត្តអនុសញ្ញាអន្តរជាតិនេះឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត៕

ដកស្រង់ពី៖Fresh New