បណ្តាញសង្គម

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ជនជាតិកូរ៉េ ជួញដូរគ្រឿងញៀងជិត ៣គីឡូក្រាម ត្រូវបានចោទប្រកាន់

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនាយកដ្ឋានចារកម្ម បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបង្ក្រាបករណីគ្រឿងញៀន ដោយបានឆែកឆេរបន្ទប់ចំនួន ០៤ (បួន) ក្នុងអគារខុនដូរមួយកន្លែងស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានរកឃើញថ្នាំញៀន និងដកហូតពីបន្ទប់ទាំង០៤ (បួន) នេះ មានទម្ងន់សរុប ២.៩គីឡូក្រាម ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េ ចំនួន០២(ពីរ)នាក់ រួចកសាងសំណុំរឿងបញ្ជូនអយ្យការអមសាលាដំបួង រាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ចំពោះករណីខាងលើនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០២(ពីរ)នាក់ ដែលជាជនជាតិកូរ៉េ និងបក្ខពួកពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នួវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

ដកស្រង់ពី៖Fresh New