បណ្តាញសង្គម

សម្តេចតេជោ សម្រេចប្រគល់ភារកិច្ចជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជា ប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP

(ភ្នំពេញ)៖ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២។

ពាក់ព័ន្ធនឹងភាពជាម្ចាស់ផ្ទះនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រគល់ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដើម្បីធ្វើជាប្រធាននៃ មហាសន្និបាត ICAPP លើកទី១២។

នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការប្រគល់ភារកិច្ចនេះ ធ្វើឡើងបន្ទាប់ពី គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ លោក ជុង អ៉ីយ៉ុង ប្រធាន ICAPP បំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពី ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ របស់គណបក្សប្រជាជនកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៤។ គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានិងជាអនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។

លោក ជុង អ៉ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមគាំទ្រនិងពូនជ្រំកិច្ចសហប្រតិបត្តិការ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី។ ចាប់ពីថ្ងៃបង្កើត ICAPP នៅឆ្នាំ២០០០ អង្គការនេះបានក្លាយជាវេទិកានយោបាយកាន់តែមានឥទ្ធិពល និងមានសារៈសំខាន់ចាំបាច់ ក្នុងសភាពការណ៍ពិភពលោកនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់។ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និង ការគោរពគ្នា ជាពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO។

មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំនិងជោគជ័យមួយបន្ថែមទៀតនៃការជួបជុំមហាគ្រួសារគណបក្សនយោបាយនៅអាស៊ី តំណាងឱ្យ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។

គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការ ដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោ បានសម្រេចប្រគល់ ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជា ប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP។

គណបក្សប្រជាជនកម្ពុជា នឹងជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបរិវត្តកម្មឌីជីថលនៅ ក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ច ហើយបន្តចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីទ្វីបអាស៊ីប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញ ឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូ ICAPP បានវាយតម្លៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលមានភាពចាស់ទុំ និង ការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានឹងសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែម ទៀត សម្រាប់ជាតិនិងប្រជាជនកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយកម្ពុជានឹងដើរតួនាទីកាន់តែសំខាន់សម្រាប់តំបន់និងពិភពលោកទាំងក្នុង វេទិកាអន្តរគណបក្ស រដ្ឋាភិបាល និងសភា។

នៅក្នុងឱកាសនេះផងដែរ គណៈប្រតិភូ ICAPP ក៏បានធ្វើទស្សនកិច្ច នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីតាំងនៃមហាសន្និបាត ICAPP លើកទី១២ផងដែរ៕

ដកស្រង់ពី៖Fesh New