បណ្តាញសង្គម

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សម្រាប់អាណត្តិថ្មី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ដែលមានសមាសភាពចំនួន ៩រូប សម្រាប់អាណត្តិថ្មី នៃរដ្ឋសភា។

 

ពិធីនេះធ្វើឡើងនៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា នៅទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្របនឹងខួប ៦៨ឆ្នាំ ដែលប្រទេសកម្ពុជា ចូលជាសមាជិកអង្គការសហប្រជាជាតិ ហើយក៏ខួបទី៣១ ដែលប្រាសាទអង្គរវត្តរបស់កម្ពុជា បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ និងជាថ្ងៃដែល គ.ជ.ប ប្រកាសចូលកាន់តំណែង ក្នុងអាណត្តិថ្មីទី៧ របស់រដ្ឋសភា។

គ.ជ.ប បានធ្វើពិធីស្បថចូលកាន់តំណែងរួចហើយកាលពីម្សិលមិញ (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣)។ ប៉ុន្តែជាក់ស្តែង គ.ជ.ប ត្រូវតែមានពិធីថ្ងៃនេះ ដើម្បីឱ្យមន្រ្តី គ.ជ.ប បានទទួលស្គាល់ថា គ.ជ.ប ថ្មី ចាប់ផ្តើមពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ពីព្រោះថា នៅពេល គ.ជ.ប ថ្មី ចូលកាន់តំណែង គ.ជ.ប ចាស់ត្រូវអស់អាណត្តិ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។

សមាសភាពក្បាលម៉ាស៊ីន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នៃនីតិកាលទី៧ រដ្ឋសភា ទាំង៩រូបនោះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ជាប្រធាន, លោក ជឺ ចំណាន ជាអនុប្រធាន និងមានសមាជិក៧រូបទៀត គឺ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាដើម។ សមាសភាពក្បាលម៉ាស៊ីនគ.ជ.បថ្មីទាំងនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

ដកស្រង់ពី៖ Fresh  New