ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្ដគម្រោងថ្នាក់ជាតិ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project-CASDP)។

បានដឹកនាំក្រុមការងារគម្រោង CASDP ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញអង្គភាពជំនាញក្រោមឱវាទក្រសួង អមដោយលោកប្រធាន អនុប្រធាន និង មន្រ្ដីមន្ទីរកសិកម្ម ខេត្ដកណ្ដាល ចុះជួបពិភាក្សាជាមួយប្រធាន អនុប្រធាន និងសមាជិកសហគមន៍កសិកម្មចំនួន ០២ រួមមាន៖ សហគមន៍កសិកម្មស្វាយប្រទាលក្នុងក្តីសង្ឃឹម ស្ថិតនៅភូមិបារ៉េនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល និងសហគមន៍កសិកម្មបន្លែបៃតង ស្ថិតនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ជំនួបជាមួយសហគមន៍កសិកម្មទាំង២ ធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពតម្រង់ទិសក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងពិនិត្យអំពីសក្តានុពល និងបង្ហាញឱកាសជូនដល់សហគមន៍ ក្នុងការចូលរួមជាសហគមន៍កសិកម្មទំនើប ព្រមទាំងគាំទ្រជំរុញឲ្យសហគមន៍កសិកម្មចូលរួមក្នុងការអនុវត្តទស្សនទានឆ្នាំ២០២៤ ក្នុងការជំរុញបង្កើនផលិតកម្មបន្លែសុវត្ថិភាព ស្របតាមតម្រូវការទីផ្សារនៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងដំណើរចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពនេះ នឹងបន្តធ្វើនៅខេត្ដគោលដៅគម្រោងចំនួន០៥ រួមមាន៖ ខេត្ដកណ្ដាល កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្ដរតនគិរី ចាប់ពីថ្ងៃទី១១ ដល់ ១៦ ខែមីនា ឆ្នាំ២០២៤៕