ពិព័រណ៍​ទេសចរណ៍​វប្បធម៌​កម្ពុជា​-​ចិន​នឹង​ប្រព្រឹត្តទៅ​នៅ​រមណីយដ្ឋាន​អង្គរ​នៅ​ស​ប្តាហ៍​ក្រោយ​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីថ្ងៃសៅរ៍បានអោយដឹងថា ពិព័រណ៍ទេសចរណ៍វប្បធម៌កម្ពុជា-ចិន គ្រោងនឹងរៀបចំធ្វើឡើងនៅភាគខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប។

ប្រភពដដែលបានអោយដឹងទៀតថាទន្ទឹមនឹងនេះក៏មានការរៀបចំព្រឹត្តិការណ៍ “When Shaolin Meets Bokator at Angkor”នៅភាគខាងជើងនៃប្រាសាទបាយ័នផងដែរ។

រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណានប្រទេសចិន ការរៀបចំព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃជំរុញការអនុវត្តឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះមានគោលបំណងរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តហឺណាន ដោយមានការសំដែងរួមគ្នារវាងក្បាច់គុណសៅលីញ និងក្បាច់គុណល្បុក្កតោ”។

ក្រសួងទេសចរណ៍បានបន្តថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកទាក់ទាញប្រជាជនចិនកាន់តែច្រើនមកទស្សនា និងវិនិយោគនៅកម្ពុជា ព្រមទាំងការអនុវត្តជោគជ័យនៃយុទ្ធនាការទស្សនាសៀមរាបឆ្នាំ ២០២៤ និងឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនឆ្នាំ ២០២៤។

កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ត្រូវបានដាក់ចេញកាលពីខែមករា គឺមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេនបាននិយាយថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤ លាននាក់ រួមមានអ្នកទេសចរចិនប្រមាណ ៥៤ ម៉ឺននាក់ក្នុងឆ្នាំ ២០២៣។

លោកបានបន្តថា “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ឆ្នាំផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើន រួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរអោយកាន់តែស៊ីជម្រៅបន្ថែមទៀត។

ដកស្រង់ពី៖ ខ្មែរថាមស៍