ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​៖​ ​ខេត្ត​សៀមរាប​ ​ជា​កន្លែង​វិស្សមកាល​រដូវក្តៅ​ដែល​មាន​តម្លៃ​សមរម្យ​នៅ​អាស៊ី​

យោងតាមសារព័ត៌មាន Daily Star ដែលមានមូលដ្ឋាននៅប្រទេសបង់ក្លាដែស បានឱ្យដឹងថា ខេត្តសៀមរាប ដែលជាខេត្តវប្បធម៌របស់ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ក្នុងចំណោមគោលដៅវិស្សមកាលរដូវក្តៅដែលមានតម្លៃសមរម្យទាំងប្រាំនៅអាស៊ី។

សារព័ត៌មានDaily Star បានអត្ថាធិប្បាយថា ខេត្តសៀមរាប ដែលមានទីតាំងនៅអាស៊ីអាគ្នេយ៍ គឺជាត្បូងមួយដែលមានប្រាសាទដ៏អស្ចារ្យ ហាងកាហ្វេដ៏រស់រវើក និងបឹងបួរដ៏ស្ងប់ស្ងាត់។

ប្រភពដដែលបានបន្តថា ប្រាសាទអង្គរវត្តដែលជារមណីដ្ឋានដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក ស្ថិតក្នុងខេត្តសៀមរាប ដោយបន្ថែមថាភ្ញៀវទេសចរអាចទៅលេងភូមិបណ្តែតទឹកនៃបឹងទន្លេសាប និងផ្សាររាត្រីសៀមរាបដើម្បីទទួលបានបទពិសោធន៍ដែលរួមបញ្ចូលបែបទំនើបនិងបុរាណ។ បន្ទាប់ពីទស្សនាទីក្រុងបានមួយថ្ងៃ អ្នកទេសចរគួរតែបញ្ចប់ការទស្សនាដោយទៅម៉ាស្សាជើង និងពិសាអាហារខ្មែរមួយចំនួន។

Daily Star បានគូសបញ្ជាក់ថា ការស្នាក់នៅប្រហែល ១៦,០០០ Tk (រូបិយប័ណ្ណបង់ក្លាដែសប្រហែល១៤៥ដុល្លារ) អាចមានតម្លៃនៅទីនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទេសចរអាចចំណាយប្រហែល៨,០០០Tk(៧៣ ដុល្លារ) ក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូន និងអាហារ។

មានលុយ១០,០០០ Tk (៩០ដុល្លារ) អាចដើរទស្សនា និងកម្សាន្តបាន។ វិស្សមកាលរយៈពេលបីថ្ងៃទៅកាន់ប្រទេសកម្ពុជាអាចជាការវិនិយោគដ៏សមហេតុផល ដោយគិតគូរពីការចំណាយប្រហែលពី ៤៥,០០០ បាត (៤០៨ដុល្លារ) ដល់ ៥០,០០០ (៤៥៤ ដុល្លារ)។

គោលដៅចំនួនបួនផ្សេងទៀតគឺ Cebu ក្នុងប្រទេសហ្វីលីពីន Goa ក្នុងប្រទេសឥណ្ឌា Nha Trang នៅវៀតណាម និង Dushanbe ក្នុងប្រទេស Tajikistan។

ដកស្រង់ពី៖ ខ្មែរថាមស៍