ស្ថានភាព​សន្តិសុខ​ល្អ​ប្រសើរ​បាន​ក្លាយ​ជា​ភាព​អស្ចារ្យ​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ

ពលរដ្ឋមួយចំនួននៅខេត្តព្រះសីហនុបានលើកឡើងថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុមានភាពល្អប្រសើរ ហើយវាបានក្លាយជាភាពដ៏រីករាយក្នុងចំណោមប្រជាជននៅទីនោះដែលលែងមានការបារម្ភពីសុវត្ថិភាពដូចពីកាលមុន។

ការលើកឡើងរបស់ពួកគេធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចេញសេចក្ដីប្រកាសពីម្សិលមិញថា ភាពល្អប្រសើរផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានក្លាយជាភាពអស្ចារ្យសម្រាប់ខេត្តព្រះសីហនុ ដែលកន្លងមកធ្លាប់តែមានសេចក្ដីរាយការណ៍ថានៅទីនោះមិនសូវមានសុវត្ថិភាព។

សេចក្ដីប្រកាសព័ត៌មានថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តជូនពលរដ្ឋ អ្នកវិនិយោគ និងទេសចរដែលកំពុងរស់នៅ និងមកលេងកម្សាន្តនៅខេត្តគ្រប់កាលៈទេសៈ។

ស្នងការដ្ឋាននគរបាលខេត្តបន្ថែមថា៖ «ពួកគេបានរឹតបន្តឹងការអនុវត្តវិធាការច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈកម្លាំងសមត្ថកិច្ចជំនាញ ដែលពុំមានការចូលរួមសហការពីសមត្ថកិច្ចបរទេសឬស្ថាប័នអន្តរជាតិណាមួយឡើយដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា»។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកវិនិយោគគិន ទេសចរណ៍ជាតិ-អន្តរជាតិទាំងអស់កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះស្នងការដ្ឋាននគរបាលខេត្តបានប្រកាសលេខទូរសព្ទទាន់ហេតុការណ៍ (097 778 0008) សម្រាប់ប្រជាពលរដ្ឋឬមហាជនរាយការណ៍មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្នុងករណីសង្ស័យមានក្រុមក្លែងបន្លំជាសមត្ថកិច្ចចុះបង្ក្រាបតាមដងផ្លូវសាធារណៈ ឬប្រទះឃើញមានបទល្មើសផ្សេងៗដែលកើតមាននៅក្នុងខេត្តព្រះសីហនុ ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេល។

អ្នកស្រី ពូន នេ ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ បាននិយាយថា សព្វថ្ងៃនេះសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ មានស្ថានភាពល្អប្រសើរដោយសារតែអភិបាលខេត្តលោក គួច ចំរើន រៀបចំបានល្អគ្រប់ស្ថានភាព។

អ្នកស្រីថា គ្រប់ទីកន្លែងមិនមានបញ្ហាអសន្តិសុខ ហើយពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុលែងព្រួយបារម្ភអំពីសុវត្ថិភាពដូចកាលពីប៉ុន្មានឆ្នាំមុនដែលបង្កបញ្ហាអសន្តិសុខដោយជនជានចិនមករកស៊ីនៅទីនេះ។

អ្នកស្រីបន្ថែមថា៖ «សព្វថ្ងៃមានទេសចរជាតិនិងអន្តរជាតិជាច្រើនបានមកកម្សាន្តនៅខេត្តព្រះសីហនុ។ ទេសចរទាំងនេះជាប្រភពចំណូលរបស់ខ្ញុំ ព្រោះខ្ញុំជាអាជីវករផ្ដល់សេវាទូកទេសចរណ៍សម្រាប់ទេសចរជួលទៅ ស្ទួចត្រីនៅតាមកោះដែលនៅជិតៗ»។

លោក ស៊ុន សុផាត ពលរដ្ឋម្នាក់ទៀតនៅខេត្តព្រះសីហនុបានលើកឡើងដែរថា សព្វថ្ងៃលោកមិនសូវចូលក្រុងព្រះសីហនុទេ ដូច្នេះលោកមិនដែលឮគេរាយការណ៍ពីអសន្តិសុខទេ។ ចំណែកនៅមូលដ្ឋានលោករស់នៅ ក៏មិនមានបញ្ហាអសន្តិសុខកើតឡើងដែរ។

លោកបាននិយាយបន្តទៀតថា៖ «បញ្ហាអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខ្ញុំមិនទទួលបានព័ត៌មានទេ»៕

ដកស្រង់ពី៖ ខ្មែរថាមស៍