កម្ពុជា​ជាគោល​ដៅ​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់

ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ដែលផ្តល់ជូននូវភាពទាក់ទាញនៃទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ ដើម្បីទាញយកសក្តានុពលនេះឱ្យបានពេញលេញ ការដោះស្រាយបញ្ហាប្រឈមនានាដូចជា ការកែលម្អលភាពទទួលបាននូវសេវា ការធានានូវការថែទាំសុខភាពប្រកបដោយគុណភាព និងការសម្របខ្លួនទៅនឹងអាកាសធាតុត្រូពិច គឺជារឿងសំខាន់។

លោក William Lake សហម្ចាស់ក្រុមហ៊ុន Olive & Lake ប្រាប់កាសែតខ្មែរថាមស៍ថា “ការកែសម្រួលបទពិសោធន៍ធ្វើដំណើរដើម្បីបំពេញតម្រូវមនុស្សវ័យចំណាស់រួមទាំងដំណើរទេសចរណ៍វប្បធម៌ ដំណើរកម្សាន្តតាមដងទន្លេ បទពិសោធន៍ធ្វើម្ហូប និងការសម្រាកលំហែសុខភាព អាចជួយបង្កើនភាពទាក់ទាញរបស់ប្រទេសកម្ពុជា” ។ ជាមួយនឹងការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងកញ្ចប់ធ្វើដំណើរដែលស្របតាមតម្រូវការ កម្ពុជាអាចជាគោលដៅចម្បងសម្រាប់អ្នកធ្វើដំណើរវ័យចំណាស់ ដោយរួមបញ្ចូលគ្នានូវភាពសម្បូរបែបនៃវប្បធម៌ជាមួយនឹងផាសុខភាព និងការយកចិត្តទុកដាក់។

Craig Dodge នាយកផ្នែកលក់ និងទីផ្សារនៃ Phare Circus បាននិយាយថា ក្រុមអ្នកទេសចរណ៍វ័យចំណាស់តំណាងឱ្យទីផ្សារដែលមានសក្តានុពលជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលរបស់ពួកគេ និងកាលវិភាគដែលមានភាពបត់បែនបាន។ ប្រទេសកម្ពុជា ជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏រស់រវើក និងកន្លែងប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីមនុស្សវ័យចំណាស់។ ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍរបស់ប្រទេស រួមទាំងកន្លែងស្នាក់នៅ និងជម្រើសដឹកជញ្ជូនដ៏ច្រើនកំពុងបង្កើនភាពងាយស្រួល ដែលបានទាក់ទាញភ្ញៀវទេសចរវ័យចំណាស់បន្ថែមទៀត។

Catherine Germier-Hamel ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Millennium Destinations បានអោយដឹងថា ដោយមើលឃើញពីការកើនឡើងនៃតម្រូវការកន្លែងទេសចរណ៍សម្រាប់មនុស្សវ័យចំណាស់មកពីប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េ កម្ពុជាបានលេចចេញជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។ “ជាពិសេស ខ្ញុំជឿថា ការរៀបចំសំណង់ដែលមិនទាន់រួចរាល់ក្នុងក្រុងព្រះសីហនទៅជាទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍វ័យចំណាស់គឺស្របតាមគោលបំណងនៃ “កម្មវិធីជំរុញការវិនិយោគពិសេសនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។

Alexis de Suremainស្ថាបនិកម៉ាក Maads បាននិយាយថា“សម្រាប់ភ្ញៀវមកពីប្រទេសលោកខាងលិច អ្វីដែលសំខាន់គឺសន្តិសុខផ្នែកសុខភាព ការវិនិយោគ និងសន្តិសុខផ្ទាល់ខ្លួន ដែលខ្ញុំគិតថាកត្តាទាំងនេះមានរួចជាស្រេចហើយនៅប្រទេសកម្ពុជា ប៉ុន្តែសម្រាប់វិស័យសុខាភិបាលខ្ញុំគិតថាវាមិនទាន់គ្រប់គ្រាន់នៅឡើយទេដើម្បីបញ្ចុះបញ្ចូលភ្ញៀវដែលមានសុខភាពទន់ខ្សោយ”។ “ប្រសិនបើយើងគិតពីកត្តាផ្សេងទៀត ពួកគេត្រូវការជីវិតវប្បធម៌ ហើយអ្នកមានវ័យចំណាស់ជាច្រើនចាប់អារម្មណ៍លើសិល្បៈសហសម័យ ដែលស្ទើរតែមិនមាននៅកម្ពុជា។ វាអាស្រ័យលើហ្វូងមនុស្សដែលអ្នកចង់ទាក់ទាញ ប៉ុន្តែប្រសិនបើអ្នកចង់ទាក់ទាញមនុស្សវ័យចំណាស់មកពីប្រទេសលោកខាងលិចដែលមានទ្រព្យសម្បត្តិច្រើន អ្នកត្រូវជំរុញទិដ្ឋភាពសិល្បៈសហសម័យ និងព្រឹត្តិការណ៍ពាក់ព័ន្ធ។

លោក Allan Michaud ប្រធាន Lodge Manager, Cardamom Tented Camp បានពន្យល់ថា កត្តាគុណភាពគឺជាបញ្ហាប្រឈមដ៏ធំបំផុតក្នុងការទាក់ទាញភ្ញៀវទេសចរវ័យចំណាស់កាន់តែច្រើន។ “ពួកគេត្រូវការភាពប្រណីត ប៉ុន្តែពួកគេក៏ត្រូវប្រាកដថាអាហារដែលពួកគេបរិភោគមានសុវត្ថិភាពផងដែរ។ សម្រាប់ប្រទេសលោកខាងលិចជាច្រើនគិតថាប្រទេសនៅតំបន់អាស៊ីជាធម្មតាមានអាហារមិនស្អាត យើងអាចវិនិច្ឆ័យលើចំនួនភ្ញៀវដែលបានធ្លាក់ខ្លួនឈឺនេះជាបញ្ហាសំខាន់ដែលយើងត្រូវតែពិចារណា។ ក្នុងផ្ទះបាយរបស់យើងគឺយកតាមស្តង់ដារចក្រភពអង់គ្លេសដើម្បីធានាថាភ្ញៀវរបស់យើងមានសុវត្ថិភាព។

លោកបានបន្តថា អាកាសធាតុត្រូពិចនៅកម្ពុជាអាចបង្ហាញពីបញ្ហាប្រឈមសម្រាប់មនុស្សវ័យចំណាស់ ដែលទាមទារឱ្យមានការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន និងការកែសម្រួលការធ្វើដំណើរប្រកបដោយសក្តានុពល ដើម្បីធានាបាននូវផាសុកភាព។ ភ្ញៀវគួរតែដឹងថា សណ្ឋានភាពដីគឺមិនស្មើគ្នា កង្វះផ្លូវជម្រាល និងផ្លូវតូចចង្អៀតនៅទីតាំងខ្លះអាចបង្កការលំបាកក្នុងការធ្វើដំណើរ។ លើសពីនេះ ការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ជាពិសេសក្នុងករណីមានអាសន្ន អាចមានកម្រិតនៅតំបន់ដាច់ស្រយាល ដោយបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំផែនការ និងការរៀបចំសម្រាប់អ្នកធ្វើដំណើរវ័យចំណាស់។

លោកបានិយាយទៀតថា“ខ្ញុំគិតថាទីផ្សារសម្រាប់ភ្ញៀវទេសចរវ័យចាស់មានទំហំធំពីព្រោះពួកគេមានលទ្ធភាពចំណាយ។សម្រាប់ពួកយើងនៅCardamom Tented Camp ភាគច្រើននៃភ្ញៀវរបស់យើងមានវ័យពី៥០ ទៅ៦០ឆ្នាំ ហើយយើងពេលខ្លះយើងក៏មានភ្ញៀវមានអាយុចាប់ពី៧០ទៅ៨០ឆ្នាំផងដែរ។

ដកស្រង់ពី៖ ខ្មែរថាមស៍