​រក​ឃើញ​ថ្ម​ជាបន្តបន្ទាប់​ ​កំណាយ​ស្រាវជ្រាវ​នៅ​ខ្លោងទ្វារ​ខាងត្បូង​ប្រាសាទ​តា​ព្រហ្ម​

ក្នុងគម្រោងកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលជាកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា និងស្ថាប័នឥណ្ឌា ASI បានបន្តរកឃើញថ្មជាបន្តបន្ទាប់ និងអ្នកជំនាញកំពុង កំណត់អត្តសញ្ញាណ។

លោកស្រី នេត ស៊ីមន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ក៏បានសិក្សា ប្រមូលព័ត៌មាន មុននិងឈានទៅដល់ការរុះរើ ជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។ លោកស្រីថា នេះគឺជាដំណាក់កាល នៃការជួសជុលហើយ ដូច្នេះក្រុមការងារបានរើថ្មនៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។

តាមអាជ្ញាធរជាតិអប្សរា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗដូចជា ១. ស្វែងរកថ្មដែលបានបាត់បង់ ២.សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុ ដែលធ្វើ ឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និង៣. ដើម្បីសិក្សាអំពីបច្ចេកទេស នៃការសាងសង់ របស់ចាស់ បុរាណ ពីរចនាសម្ពន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ។

លោកស្រី នេត ស៊ីមន បុរាណវិទូបន្តថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកដល់រយៈពេលជិតពីរខែមកនេះ ក្រុមការងារជីករណ្តៅបានចំនួន៥នៅជុំវិញខឿនរបស់ខ្លោងទ្វារ។ ដោយបានជីករណ្តៅខ្លះមាន ជម្រៅ ចន្លោះពី៦០ទៅ៧០សង់ទីម៉ែត្រដើម្បីស្វែងរកថ្ម។ លទ្ធផលនៃកំណាយបានរកឃើញថ្មជិត ១០០ដុំហើយ។ ប៉ុន្តែអ្នកជំនាញនៅមិនទាន់សន្និដ្ឋានអំពីចំនួនថ្មពិតប្រាកដបាននៅឡើយ ដោយត្រូវរង់ចាំការធ្វើកំណាយឱ្យរួចរាល់សិន៕

ដកស្រង់ពី៖ ខ្មែរថាមស៍