ក្លឹបអាល្លឺម៉ង់ Bayern Munich កំពុងតែរៀបចំនីតិវិធីក្នុងការនាំយកលោក Vincent Kompany ធ្វើជាគ្រូបង្វឹករបស់ខ្លួន ស្របពេលដែល ក្លឹបនេះបានចែកផ្លូវគ្នាជាមួយលោក Thomas Tuchel ដែលដឹកនាំក្លឹបបានមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។
លោក Tuchel បានចែកផ្លូវគ្នាជាមួយ Bayern នៅក្នុងឆ្នាំ២០២៤ ក្រោយពីលោកបង្ហាញទម្រង់លេងមិនសូវល្អ។
បើយោងតាមប្រភពខាងលើ ខាង Bayern និងលោក Kompany បានព្រមព្រៀងផ្ទាល់មាត់ជាមួយគ្នាហើយ ដោយពេលនេះភាគី Bayern កំពុងតែចរចាជាមួយនឹងក្លឹប Burnley ដែលជាក្លឹបអង់គ្លេសនៅលីគលំដាប់ទី២ ដែលលោក Kompany កំពុងតែដឹកនាំ។
លោក Kompany បានដឹកនាំក្លឹប Burnley តាំងពីឆ្នាំ២០២២មក។ លោកបានដឹក Burnley ឱ្យឡើងទៅលីគកំពូលអង់គ្លេសកាលពីឆ្នាំ២០២៣ ជាមួយនឹង ១០១ពិន្ទុ។ ប៉ុន្តែជាអកុសល នៅឆ្នាំ២០២៤នេះ ក្លឹបរបស់លោកបានធ្លាក់ទៅលីគ Championship ដែលជាលីគទី២របស់អង់គ្លេសវិញ។
Bayern ទំនងជាបង់ប្រាក់មួយចំនួនឱ្យ Burnley ដោយសារតែលោក Kompany ជាប់កិច្ចសន្យាជាមួយក្លឹបនេះរហូតដល់ឆ្នាំ២០២៨ឯណោះ។
សូមជម្រាបផងដែរថា Kompany ធ្លាប់លេងឱ្យ Manchester City កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩។ ក្រោយពីចេញពី Man City លោកបានទៅលេងនៅក្លឹបបែលហ្សិក Anderlecht ដោយលោកកាន់តួនាទីជាកីឡាករ-អ្នកចាត់ការ។ លោកនៅដឹកក្លឹបនេះដល់ឆ្នាំ២០២២៕
ដកស្រង់ពី៖ Sabay