Social Network

រត់​ម៉ារ៉ាតុង​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ ១០​Km​ គឺ​មាន​តែ​ខ្មែរ​ទេ​ក្នុង​តំបន់​អាស៊ាន​ស្អាត​ជាង​ថៃ​ និង​វៀតណាម​

ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ក្នុងខេត្តព្រះសីហនុ កំពុងរង់ចាំអ្នកចង់ចុះឈ្មោះចូលរួម ខណៈប្រធានគណៈកម្មការរៀបចំការប្រកួតបញ្ជាក់ថារត់តាមបណ្ដោយឆ្នេរសមុទ្រមានប្រវែងវែង និងស្រស់ស្អាតជាងគេគឺមានតែនៅកម្ពុជាពិសេសនៅអាស៊ីនេះ។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំម៉ារ៉ាតុងនៅព្រះសីហនុបានឲ្យដឹងថា កន្លងទៅលោកធ្លាប់ចូលរួមម៉ារ៉ាតុង Phuket Marathon Danang Marathon គឺមិនបានស្អាតដូចនៅខេត្តព្រះសីហនុនោះទេ។

បើទោះជាមានការចូលរួមច្រើនមែន ប៉ុន្តែទេសភាព បរិយាកាស ពិសេសរត់តាមផ្លូវជាប់មាត់សមុទ្រសស្អាត ហើយប្រវែងវែងបែបនេះគឺចាញ់កម្ពុជានោះទេ។ដូច្នេះសូមអំពាវនាវដល់មហាជនឲ្យចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ដើម្បីបង្ហាញពីការចូលរួមលើកស្ទួយព្រឹត្តិការណ៍រត់ប្រណាំងរបស់កម្ពុជា និងបង្ហាញទៅកាន់ពិភពលោកឲ្យបានឃើញពីសម្រស់ដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្ររបស់ខ្មែរពិសេសទីតាំងដ៏អំណោយផលចំពោះវិស័យកីឡា។ មួយវិញទៀតមកចូលរួមព្រឹត្តិការណ៍នេះហើយបានសម្រាកកម្សាន្ត និងលេងទឹកផងដែរ។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ នេះនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។ វិញ្ញាសាប្រកួតរួមមាន ៣Km ៥Km 10Km និង ២១Km។

ប្រសិនបើបងប្អូនចង់ចុះឈ្មោះរួមអាចទំនាក់ទំនងទៅកាន់ហ្វេសបុក Cambodia Events Organizer ឬលេខទូរស័ព្ទ 023 213 525 / 015 213 525៕