Social Network

ស្រឡាញ់​អស់​ពី​ចិត្ត​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ ITF​ ទោះ​មិន​សូវ​មាន​ធនធាន​ថវិកា​ ប៉ុន្តែ​សុខចិត្ត​ដើរ​រក​គ្រប់​ច្រកដើម្បី​សិស្ស​បាន​ទៅ​ប្រកួត​នៅ​ឥណ្ឌា​

ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថាការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌាក្នុងអំឡុងខែសីហាខាងមុខនេះត្រូវការប្រាក់ចំណាយចេញទៅប្រកួតខ្ទង់ជាង ២ម៉ឺនដុល្លារ និងកំពុងដើររកគ្រប់ច្រកដើម្បីឲ្យសិស្សបានចេញទៅ។

ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជាបានឲ្យដឹងថា ការប្រកួតជើងឯកអាស៊ី នៅខែសីហា ឆ្នាំ២០២៤ ឯប្រទេសឥណ្ឌាខាងមុខនេះត្រូវចំណាយប្រាក់ខ្ទង់ជាង ២ម៉ឺនដុល្លារដើម្បីអាចបញ្ជូនកីឡាករ កីឡាការិនីចេញទៅបាន។ យ៉ាងណាឯកឧត្ដមកំពុងស្វះស្វែងជាបណ្ដើរៗហើយដើម្បីស្វែងរកការឧបត្ថម្ភនានាក្នុងការជួយឲ្យបានសិស្សចេញទៅប្រកួត។

ថ្នាក់ដឹកនាំដែលចំណាយពេលច្រើនក្នុងកីឡា និងស្រឡាញ់ ITF អស់ពីចិត្តខាងលើនេះបញ្ជាក់ទៀតថា នៅពេលនេះលោកបានទៅជួបឧកញ៉ា និងឯកឧត្ដមបាន២រូបហើយគេនឹងជួយឧបត្ថម្ភខ្លះៗដែរ។ ប៉ុន្តែនៅតែមិនទាន់គ្រប់នោះទេ ដូច្នេះប្រធានខាងលើថានឹងខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកថវិកាឲ្យបានបញ្ជូនសិស្សចេញទៅប្រកួតបង្ហូតទង់ជាតិខ្មែរនៅទីនោះ។

បញ្ជាក់ដែរថា តេក្វាន់ដូ ITF កម្ពុជា ជាប្រភេទកីឡាដែលមានសក្ដានុពល និងមានប្រជាប្រិយភាពមួយនៅកម្ពុជា។ រាល់ព្រឹត្តិការណ៍បើក-បិទធំៗគឺតែងតែមានការអញ្ជើញឲ្យចូលរួមសម្ដែងជូនថ្នាក់ដឹកនាំ និងមហាជនទស្សនាជាមួយភាពប៉ិនប្រសព្វ និងស្ទាត់ជំនាញគឺមានការគាំទ្រខ្លាំង។ សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនទៅប្រកួតជើងឯកអាស៊ី អំឡុងខែសីហា ឆ្នាំ២០២៤ នៅឥណ្ឌា៕

ដកស្រង់ពី៖ Sabay