Social Network

ជា​ការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​កីឡា​ អង្គការ​ផ្កាយ​សមុទ្រ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​កុមារី​មាន​អ្នក​ចូលរួម​សរុប​ ៥០០​នាក់​

អង្គការផ្កាយសមុទ្របានរៀបចំការប្រកួតបាល់ទាត់កុមារី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ផ្កាយសមុទ្រដោយមានអ្នកចូលរួមសរុប ៥០០នាក់មកពីខេត្ត-ក្រុងចំនួន ១០។

អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានឲ្យដឹងថា ការប្រកួតបាល់ទាត់នារី ឬបាល់ទាត់ស្ត្រីនេះបានរៀបចំឡើងជាលើកទី១៤ ហើយ។ សម្រាប់លើកនេះដែរគឺមានចំនួន ៤២ក្រុមត្រូវជា ៥០០នាក់មកពីខេត្ត-ក្រុងនានាចំនួន ១០។

ថ្នាក់ដឹកនាំឆ្នើមខាងលើនេះបន្ថែមទៀតថា ការរៀបចំនេះដែរគឺគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់នារី និងជាការអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ផងដែរ។ មួយវិញទៀតអ្នកស្រីចង់បង្ហាញថាកីឡាបាល់ទាត់គឺមិនមែនសម្រាប់តែបុរសនោះទេនារីក៏អាចលេងបានដែរ។ បន្ថែមពីនេះការលេងបាល់គឺជួយបង្រៀនដល់នារីៗឲ្យបានរឹងមាំ និងមានការទំនាក់ទំនងល្អក្នុងសង្គមទៀតផង។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់កុមារី ឬបាល់ទាត់ស្ត្រីនេះធ្វើឡើងពេញមួយថ្ងៃតែម្ដងនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ ការប្រកួតមានកីឡាការិនី កុមារីចូលរួមសរុប ៥០០នាក់ឯណោះមកពីខេត្ត-ក្រុងចំនួន ១០៕

ដកស្រង់ពី៖ Sabay