Social Network

ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ថា Haaland អាច​ចេញ​ពី​ Man City

កាលពីពេលថ្មីៗនេះ មានការចុះផ្សាយក្នុងសារព័ត៌មានធំៗជាច្រើនថា ខ្សែប្រយុទ្ធ Erling Haaland អាចនឹងចេញពី Manchester City ទៅចូលរួមជាមួយក្លឹប Real Madrid នាពេលអនាគត។ ប្រភពខ្លះហ៊ានអះអាងថាអាចនឹងរដូវកាលក្រោយតែម្ដង។ ក្រោយមានពាក្យចចាមអារ៉ាមបែបនេះ ភ្នាក់ងាររបស់ Haaland បានចេញមកបកស្រាយ។

Rafaela Primenta ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Haaland បាននិយាយថា Haaland ជាម្ចាស់នៃជោគវាសនារបស់គេ ហើយគេតែងតែធ្វើអ្វី ដែលល្អសម្រាប់ខ្លួនគេ និង Man City។ បើសិនជាថ្ងៃអនាគតទៅ ការផ្លាស់ប្ដូរនឹងកើតឡើង Haaland នឹងនៅតែបន្តគោរព Man City ហើយ Haaland សង្ឃឹមថា Man City នឹងគោរពសេចក្ដីសម្រេចចិត្តរបស់រូបគេផងដែរ។

Haaland មានកុងត្រាជាមួយ Man City រហូតដល់ឆ្នាំ ២០២៧។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែសវ័យ ២៣ ឆ្នាំ បានមកចូលរួមជាមួយ Man City កាលពីពាក់កណ្ដាលឆ្នាំ ២០២២។ កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អ។

គិតមកទល់ពេលនេះ កីឡាករលេងសរុប ៧១ ប្រកួត និងស៊ុតចូល ៦៩ គ្រាប់ ហើយបានបំបែកកំណត់ត្រាជាច្រើននៅអង់គ្លេស ព្រមទាំងជួយក្លឹបឈ្នះពានធំៗដល់ទៅ ៤ កាលពីរដូវកាលមុន រួមមាន Premier League ពាន Champions League ពាន Super Cup និង FA Cup៕