Social Network

កីឡាករប្រេស៊ីល ដែល អ្នកលេងពូថៅដៃ ធឿន ធារ៉ា ផ្តួលឱ្យសន្លប់ មានប្រវត្តិមិនធម្មតា ជាជើងខ្លាំង MMA

ដៃគូប្រកួត របស់ ធឿន ធារ៉ា នៅក្នុងកម្មវិធីប្រកួតប្រដាល់សេនាគុនខ្មែរ ពិភពលោក ដែលកន្លងទៅថ្មីៗនេះ មានឈ្មោះថា Daniel Torres ហើយកីឡាករប្រេស៊ីលរូបនេះ មានប្រវត្តិមិនធម្មតាឡើយ ដែលរូបគេជាជើងខ្លាំងមួយរូប នៅអឺរ៉ុប។

Daniel Torres ត្រូវបានកីឡាករគុនខ្មែរ អ្នកលេងពូថៅដៃ ធឿន ធារ៉ា ផ្តួលឱ្យសន្លប់នៅក្នុងទឹកទី 2 កាលពីថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2023 ក្នុងកម្មវិធីប្រដាល់ សេនាគុនខ្មែរ ពិភពលោក ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន សហការជាមួយក្រុមហ៊ុន WURKZ។

ជ័យជម្នះរបស់ ធារ៉ា ទទួលបានការសាទរ និង កោតសរសើរពីសំណាក់ប្រិយមិត្តស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ នៅទូទាំងប្រទេស។

នៅក្នុងនោះ គេសង្កេតឃើញថា ធារ៉ា ពិតជាធ្វើបានល្អ ហើយដៃគូ របស់ធារ៉ា មិនមែនជាកីឡាករធម្មតាឡើយ ពោលគឺគេជាជើងខ្លាំងមួយរូប ផ្នែក MMA នៅតំបន់អឺរ៉ុប។DANIEL "TUCANÃO" TORRES កើតនៅប្រទេសប្រេស៊ីល សព្វថ្ងៃ រូបគេ មានអាយុ 29ឆ្នាំ និង ធ្លាប់ឆ្លងកាត់ការប្រកួតក្នុងអាជីពប្រដាល់ MMA ចំនួន 20 ដង។

នៅក្នុងការប្រកួតសរុប 20 ដង កីឡាករប្រេស៊ីលរូបនេះ ឈ្នះ 14ដង និង ចាញ់ 6ដង មិនធ្លាប់ស្មើ។ ក្នុងពេលបច្ចុប្បន្ន រូបគេ កំពុងប្រកបអាជីពប្រដាល់ នៅក្នុងប្រទេសអូទ្រីស។

កីឡាកររូបនេះ មានកម្ពស់ 1,74 ម៉ែត្រ កណ្តាប់ដៃរបស់គេ អាចវាយចេញបានឆ្ងាយ។ ចំពោះចំណាត់ថ្នាក់នៃលំដាប់កីឡាករ ប្រភេទទម្ងន់ Featherweights នៅក្នុងតំបន់អឺរ៉ុបខាងកើត កីឡាករ Torres ឈរនៅលំដាប់លេខ 3 ក្នុងចំណោមកីឡាករ 340 រូប។