Social Network

ព្រះរាជពិធីបុណ្យអុំទូក​ឆ្នាំ​ ២០២៣​ នេះ​នឹង​មាន​ទូក​ចូលរួម​ប្រកួត​សរុប​ចំនួន​ ៣៣៨​ទូក​

គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះគឺមានទូកចូលរួមប្រកួតប្រជែងចំនួន ៣៣៨ទូក។

ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិបានបញ្ជាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង«ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣» ថាសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះនឹងមានទូកចូលរួមប្រណាំងប្រជែងសរុប ៣៣៨ទូកមកពីបណ្តារាជធានី-ខេត្ត។

ឯកឧត្តមក៏បានបង្ហាញពីក្តីសង្ឃឹមចំពោះគណៈកម្មការតាមផ្នែកនីមួយៗ នឹងប្រឹងប្រែងបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ ដូចដែលនាពេលថ្មីៗនេះគឺទទួលបានជោគជ័យលើការរៀបចំទិវាបុណ្យឯករាជជាតិ ០៩ វិច្ឆិកា ខួបទី៧០ ដែលទើបបញ្ចប់ទៅនេះ។

បញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕ (ប្រភពដើមអគ្គនាយកដ្ឋានកីឡា)