Social Network

ឪពុកម្តាយ ទាស់សម្តីគ្នា បោះកូនស្រី វ័យទើប ៦ខែ ទង្គិចជញ្ជាំង បណ្តាលឲ្យពិការ ជារៀងរហូត

ភ្នំពេញ៖ ទំនាស់ពាក្យសម្តី របស់គូស្វាមីភរិយា ក្មេងខ្ចីមួយគូ បានបន្សល់នូវវិប្បដិសារី ដ៏សោកសៅធ្វើ ឲ្យកុមារីដ៏ ទ្រលុកទ្រលន់ម្នាក់ ដែលមានវ័យទើប ៦ខែ រងនូវអំពើហិង្សាធ្លាក់ខ្លួនពិការ ពេញមួយជីវិត។ កាន់តែគួរឲ្យ អាណិតអាសូរថែមទៀត កុមារីដ៏កម្សត់រូបនេះ ក្រោយធ្លាក់ខ្លួនពិការ ត្រូវឪពុក និងម្តាយ បំបរបង់ចោល ទុកឲ្យនៅជាមួយដូនចាស់ ដោយការប្រកបរបរលក់លត ។

អ្នកស្រី ជីវ ឡេង វ័យជិត ៦០ឆ្នាំ បានរៀបរាប់ប្រាប់ថា កុមារីកម្សត់ លីហ្សា ពេល កើតមកមានកាយសម្បទា សតិបញ្ញា និងសុខភាព ដូចក្មេងទូទៅធម្មតា ហើយមានរូបសម្បត្តិទ្រលុកទ្រលន់ គួរឲ្យស្រឡាញ់ថែមទៀតផង ។

តែជាអកុសលនៅថ្ងៃមួយ គ្រាដែលកុមារីរូបនេះ មានអាយុបាន ៦ខែ ស្រាប់តែឪពុក-ម្តាយ មានជម្លោះ ពាក្យសម្តី ស្រ្តីជាម្តាយ បានចាប់កុមារីទង្គិច ទៅនឹងជញ្ជាំង បណ្តាលឲ្យដាច់ សរសៃខួរក្បាល សន្លប់ស្តូក ស្តឹងអស់ជាច្រើន ថ្ងៃគ្មានសង្ឃឹមថា អាចស្រោចស្រង់ ជីវិតបាននោះទេ ។

អ្នកស្រី ជីវ ឡេង បានថ្លែងបន្តថា ដោយមានការព្យាយាម ជួយសង្រ្គោះ ពីក្រុមគ្រូពេទ្យគន្ធបុប្ផាកុមារី ក៏ បានដឹងខ្លួនឡើងវិញ តែកាយសម្បទា សតិបញ្ញាស្មារតី របស់នាងមិន ដូចដើមទៀតនោះទេ ពោលកាយសម្បទា ដៃជើង និងភ្នែក ត្រូវរងនូវភាពពិការជារៀងរហូត ។

ពីក្នុងមជ្ឈមណ្ឌលគៀនឃ្លាំង ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៦ ខណ្ឌឬស្សកែវ អ្នកស្រី ជីវ ឡេង ដែល កំពុងយកចៅរបស់ខ្លួន ទៅធ្វើចលនាសាស្រ្តនោះ បានឲ្យដឹងទៀតថា កុមារី លីហ្សា ក្រោយពេលទទួល រងនូវភាពពិការហើយ ឪពុក-ម្តាយ បានចែកផ្លូវគ្នា ឪពុកទៅយកភរិយាថ្មី រីឯម្តាយក៏ចេញឆ្ងាយពីស្រុក បាត់ជារៀងរហូត មិនមាននរណា អាណិតស្រណោះ នៅមើលថែកូនរបស់ខ្លួនឡើយ ។

ដោយក្តីអាណិតអាសូរ និងអតីតភាពធ្លាប់ហែល ឆ្លងភាពលំបាកវេទនា ក្នុងនាមជាកុមារកំព្រា អ្នកស្រី ជីវ ឡេង មិនដាច់ចិត្តទុក ចៅពិការចោលនោះឡើយ ទោះបីអ្នកស្រីមានជីវភាព ទីទ័លលំបាកយ៉ាងណា ក្តី ក៏នៅតែត្រដរលក់លត ចិញ្ចឹមចៅរហូត ដល់ពេលបច្ចុប្បន្ន ។

អ្នកស្រី ជីវ ឡេង «ខ្ញុំលំបាកណាស់ក្នុងជីវភាព គ្មានអ្វីចិញ្ចឹមចៅទេ ។ រាល់ថ្ងៃប្រកបរបរលក់លត គ្រាន់ បានលុយខ្លះ ទិញទឹកដោះគោ ឲ្យនាងបៅ ។ ពេលខ្លះអ្នកក្នុង ភូមិគាត់ប្រាប់ខ្ញុំថា អ៊ំឯងខំម៉េស ជីវភាព ទីទ័លក្រចឹងនោះ ទុកឲ្យនាង (កុមារីរងគ្រោះ) ទៅតាមដំណើរទៅ ឲ្យរួចផុតកម្មរបស់នាង។ តែខ្ញុំចិត្ត មិនដាច់ ក៏ខិតខំត្រដរ ចិញ្ចឹមចៅរហូតមក»។

បច្ចុប្បន្នកុមារី លីហ្សា ត្រូវបានជីដូនរបស់ខ្លួន យកទៅព្យាបាលតាមរយៈធ្វើចលនាសាស្រ្ត និងបើកយក ថ្នាំរលាកខួរក្បាល ពីមន្ទីរពេទ្យគន្ធបុប្ផាជាប្រចាំ ។

បើតាមអ្នកស្រី ជីវ ឡេង ក្រោយពីការយកទៅព្យាបាល តាមរយៈចលនាសាស្រ្តបានរយៈពេលប្រហែល ជា ២ខែនោះ កុមារី លីហ្សា អាចកម្រើកដៃជើងបានខ្លះ ហើយអាចស្រែកយំបាន ជាពិសេស កុមារីមិន សូវប្រកាច់ដូចមុននោះទេ ។ មុនពេលទទួលការព្យាបាល កុមារីឧស្សាហ៍ ជួបការប្រកាច់ខ្លាំងណាស់។ បច្ចុប្បន្នក្រៅពីពិការភាព កុមារីក៏មានជំងឺ រលាកខួរក្បាល និងរលាកសួតផងដែរ។