Social Network

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់យុទ្ធសាស្រ្ដ​ផ្សព្វផ្សាយ​អប់រំបង្ការ​ការប្រើប្រាស់​គ្រឿងញៀន ឲ្យកាន់តែទូលំ ទូលាយ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវ យុទ្ធសាស្រ្ដផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំបន្ថែមទៀតទៅដល់ សាធារណជន ជាពិសេសយុវជនកម្ពុជា ឲ្យកាន់តែយល់ច្បាស់ ពីគុណវិបត្តិនៃការ ប្រើប្រាស់គ្រឿងញៀន និងការបង្ការការប្រើប្រាស់គ្រឿងញៀន ឲ្យបានកាន់តែទូលំទូលាយ។

 ការប្រកាសរបស់ ដាក់ចេញយុទ្ធសាស្រ្តថ្មីនេះ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំឆ្លងសេចក្ដី ព្រាងផែនការ សកម្មភាពផ្សព្វផ្សាយ អប់រំបង្ការការប្រើ ប្រាស់គ្រឿងញៀន ដោយមានការចូលរួម ប្រជុំពីសំណាក់មន្ដ្រី ជាប់ពាក់ព័ន្ធគ្រប់ស្ថាប័ន ក្រសួង អង្គការជាសមាជិក ព្រមទាំង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលប្រព្រឹត្តិឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យុទ្ធសាស្រ្ដខាងលើនេះ មានទិសដៅបន្ថែមការយល់ដឹងពីផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន និងការការពារខ្លួន ការហាមមិនឲ្យសាកល្បងគ្រឿងញៀន និងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀន ទៅទទួលការព្យាលបាល និងស្ដារនីតិសម្បទា និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ក្នុងការសម្រេចឲ្យបាននូវគោលដៅ និងយុទ្ធសាស្រ្ដលើការផ្សព្វផ្សាយអប់រំនេះ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ កាន់តែមានប្រសិទ្ធភាព អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់នូវគោលការណ៍មួយចំនួនរួមមាន៖
១៖ បន្ថែមការផ្សព្វផ្សាយ យល់ដឹងឲ្យច្បាស់ថាអ្វីជាគ្រឿងញៀន? 
២៖ ការផ្សព្វផ្សាយអប់រំតាមរយៈទូរទូស្សន៍ វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ទស្សនាវដ្ដី អប់រំផ្ទាល់ដល់សមាគមន៍ អប់រំតាមវិស័យសាសនា និងអប់រំតាមរយៈផលិតផលផ្សេងៗ។
៣៖ បង្ហាញពីផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿញៀន។
៤៖ ពន្យល់ណែនាំ ដល់អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជាប់ពាក់ព័ន្ធទាំងអស់យល់ដឹង ភ្ញាក់រលឹក និងឈប់ប្រើប្រាស់ និងឈប់ពាក់ព័ន្ធលើគ្រឿងញៀន។
៥៖ បំផុសឲ្យមានចលនាអប់រំ កូនចៅ និងសមាជិកក្រុមគ្រួសារកុំឲ្យមានការពាក់ព័ន្ធនឹងគ្រឿងញៀនហើយក្នុងករណីមានកូនចៅ ប្រើប្រាស់គ្រឿងញៀនចូលរួមលើកទឹកចិត្ត និងបញ្ជូនទៅទទួលការព្យាលបាល និងស្ដារនីតិសម្បទា។
៦៖ ចូលរួមឲ្យមានការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ និងរាយការណ៍ជូនសមត្ថកិច្ចនូវរាល់បទល្មើសដែលមានការពាក់ព័ន្ធ។
៧៖ បន្ថែមឲ្យយល់ច្បាស់ពីច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ការអនុវត្តច្បាប់ និងបញ្ហានានាដែលត្រូវប្រឈមមុខនឹងច្បាប់៕

ដកស្រង់ពី៖FRESH NEW