Social Network

អ.ហ ខេត្តរតនគិរី ចុះបង្ក្រាបរថយន្ត ដឹកឈើឆ្លងទៅ វៀតណាម

រតនគិរី៖ យោងតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអ.ហខេត្ត នៅវេលាម៉ោង៦ និង៣០នា ទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងអ.ហខេត្តចំនួន ១០នាក់មធ្យោបាយ រថយន្ត ២គ្រឿង ដឹកនាំ ដោយលោក អនុសេនីយ៍ឯក សោម សុផល នាយ ការិយាល័យព័ត៌មាន និងសន្តិសុខ បានជួបរថយន្ត ១គ្រឿង ម៉ាកហ៊ីហ្វាច្នៃ ផ្ទុកឈើចំនួន ៨ដុំ នៅចំណុចភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ដោយម្ចាស់រត់គេចខ្លួនបាត់ ។

លោកអនុសេនីយ៍ឯក សោម សុផល បានបន្តថា បន្ទាប់ពីកម្លាំងអ.ហ គ្រប់គ្រងស្ថានការបង្ក្រាប បានហើយ នៅវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ គឹម រស្មី ឲ្យសហការណ៍ជាមួយជំនាញ រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដឹកជញ្ជូនមកស្នាក់ការ ។

ប៉ុន្តែការនាំយកវត្ថុតាង មកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចចន្លោះភូមិសំ និងភូមិតេន រថយន្តដឹកបទល្មើសឈើនោះ ដាច់កង់ក្រោយ ហើយកម្លាំងបានឈប់ ដើម្បីធ្វើការជួសជុលរហូតដល់ ម៉ោង៦ និង៣០នាទី យប់ថ្ងៃដដែល ស្រាប់តែមាន ប្រជាពលរដ្ឋប្រហែល ៨៥នាក់ បានស្ទាក់កម្លាំងអ.ហ មិនឲ្យធ្វើការជួសជុលរថយន្ត និងយកសម្ភារគប់ចោល ដោយខ្លាចក្រែងប្រឈម ជាមួយប្រជាពលរដ្ឋនោះ ក៏បានសុំយោបល់ លោកមេបញ្ជាការ ដកកម្លាំងថយពីកន្លែងកើតហេតុ ដើម្បីរកដំណោះស្រាយ និងសុំយោបល់ថ្នាក់លើ ។

លុះដល់ម៉ោង៧ និង៣០នាទីយប់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបញ្ជូនកម្លាំងបន្ថែមចំនួន ៣៥នាក់ ក្នុងនោះមានកម្លាំងនគរបាល ១០នាក់ រថយន្ត CMC ១គ្រឿង, រថយន្តតូច ៥គ្រឿងដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ អ.ហ ខេត្តបានចុះដល់កន្លែងកើតហេតុ តែត្រូវជនល្មើសទម្លាក់ឈើចោល និងបើករថយន្តដាច់កង់យកទៅលាក់ និងគេចខ្លួនបាត់អស់ ។

បន្ទាប់មកកម្លាំងបានធ្វើការរុករកប្រទះ ឃើញរថយន្តក្នុងរណ្តៅ ដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ កម្លាំងដែលចុះប្រតិបត្តការ បានសណ្តោងរថយន្តដឹកបទល្មើសឈើដាច់កង់នោះ មករក្សាទុកនៅទី បញ្ជាការអ.ហខេត្តរ រីឯឈើមិនទាន់ដឹកជញ្ជូន មកទេដោយខ្វះមធ្យោបាយ ។

ក្នុងប្រតិបត្តការខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះថា លោកកំពុងចាត់ចែងកម្លាំង និងមធ្យោបាយទៅដឹកឈើចំនួន ៨នោះ បើទោះបីផ្លូវជួបការលំបាក ក៏ដោយ ។

លោកបានបន្តថា ប្រជាពលរដ្ឋ នៅតំបន់ខាងលើ កន្លងមកតែងតែធ្វើការតវ៉ា និងហិង្សាពេលសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រពួកគាត់ ប៉ុន្តែជួបប្រទះឧបសគ្គ យ៉ាងណាក៏ដោយ លោកមិនរាថយនោះទេ មិនថាឡើយតំបន់ខាងលើ កន្លែងផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តរតនគិរី បង្ក្រាបទាំងអស់ឲ្យតែ ប្រព្រឹត្តបទល្មើស ៕

ដកស្រង់ពី៖ដើមអម្ពិល