Social Network

កម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនគ្រឿងញៀនម្នាក់ មានលុយ១៥ម៉ឺនរៀល និងថ្នាំញៀនមួយចំនួនធំ

(ពោធិ៍សាត់)៖ កម្លាំងនគរបាល ស្រុកក្រគរ សហការជាមួយ កម្លាំងប្រជាការពារ បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀន បានម្នាក់ ដកហូតថ្នាំញៀន មួយចំនួនធំ និងឧបករណ៍បម្រើឲ្យការ ជួញដូរជាច្រើនទៀត។ 

 ប្រតិបត្តិការ បង្ក្រាបនេះ ធ្វើឡើងនៅយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទល់មុខ អធិការដ្ឋាននគរបាល ស្រុកក្រគរ ស្ថិតក្នុងភូមិ ទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាល ស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញា ជួញដូរនូវសារធាតុញៀនខាងលើ កម្លាំងរបស់ លោកបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ប៉ុន រាសី អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា វត្ថុតាងដែលដក ហូតបានរួមមាន ថ្នាំញៀន៩កញ្ចប់ ម៉ូតូ១គ្រឿង ម៉ាក Air Black ទូរស័ព្ទដៃ១គ្រឿង លុយ ១៥០,០០០រៀល និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងនគរបាលកំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនឱ្យជំនាញខេត្តចាត់ការបន្ត៕

ដកស្រង់ពី៖FRESH NEWS