Social Network

ពុំ​មាន​ការ​ឃាត់ខ្លួន​ មន្ត្រី​លីកាដូ​ និង​សកម្មជន​ដីធ្លី​ ខណៈ​ចូល​បំភ្លឺ​តុលាការ​ ករណី​ប្រើ​ហិង្សា​ លើ​សន្តិសុខ​សាលាខណ្ឌ​

ភ្នំពេញ៖លោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សលីកាដូ និង លោក ច័ន្ទ ពុទ្ធិស័ក្ត ជាសកម្មជនដីធ្លី សហគមន៍បឹងកក់ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចូលខ្លួន មកកាន់អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរករណី ប្រើអំពើហិង្សា លើសន្តិសុខសាលា ខណ្ឌដូនពេញចំនួន  ពីរនាក់ ។

 ក្រោយការសាកសួរជិតពីរម៉ោង លោក ងិន ពេជ ជាព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ពុំបានឃាត់ខ្លួនអ្នកទាំងពីរនោះទេ ដោយឲ្យត្រឡប់ទៅវិញ ។

ស្របពេលនៃការសាកសួរនេះ សកម្មជនដីធ្លីសហគមន៍បឹងកក់ជិត១០០នាក់ បានប្រមូលផ្ដុំមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើតុលាការរកយុត្តិធម៌ជូនមន្ត្រីលីកាដូនិងសកម្មជនដីធ្លី សហគមន៍បឹងកក់ ។

លោក អំ សំអាត បាននិយាយថា ការដែលព្រះរាជអាជ្ញា ចាត់ទុកលោក ថាជាជនសង្ស័យបែបនេះ គឺយោងទៅតាមរបាយការណ៍ ដែលសមត្ថកិច្ចបានបញ្ជូនទៅ ។ លោក អំ សំអាត បានអះអាងថា មន្ត្រីប៉ូលិស បានបញ្ជូនរបាយការណ៍ទៅឲ្យព្រះរាជអាជ្ញា ដោយចោទលោកថា ជាជនសង្ស័យ ក្នុងអំពើហិង្សានេះ ។ 

គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ អំពើហិង្សាមួយ បានកើតឡើង ដោយការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដូនពេញ ក្នុងពិធីដង្ហែក្បួន ប្រារព្ធទិវាលំនៅដ្ឋានពិភពលោក ។ កាលនោះ លោក អំ សំអាត ធ្លាប់និយាយថា លោក បានចូលទៅឃាត់ សមត្ថកិច្ច និងប្រជាពលរដ្ឋ កុំឲ្យប្រើអំពើហិង្សាដាក់គ្នា។

ប៉ុន្តែ នៅពេលលោក អំ សំអាត កំពុងចូលឃាត់ ស្រាប់តែកម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ បានប្រើកណ្ដាប់ដៃវាយលោកតែម្ដង ៕

ដកស្រង់ពី៖ដើមអម្ពិល