Social Network

គ្រូមន្តអាគម និងជាមនុស្ស​ជំនិត ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ស្នើ​តុលាការបន្ថយ​ទោសមកនៅ​ត្រឹម​២ឆ្នាំ​, តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ កុម្ភៈ

(ភ្នំពេញ)៖ គ្រូមន្តអាគម និង ជាមនុស្សជំនិត បំផុតរបស់លោក អាំង មាលតី អតីតប្រធាន សាលាដំបូង រាជធានីភ្នំពេញ លោក ពេជ្រ ព្រហ្មមុន្នី បានស្នើតុលាការស្រូបទោស មកនៅត្រឹម២ឆ្នាំ ដើម្បីឆាប់បាន ចេញពីពន្ធនាគារ ដោយមូលហេតុមានជំងឺ ។

 អនុរក្សពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជូនទណ្ឌិត ពេជ្រ ព្រហ្មមុន្នី មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះលើបណ្តឹងសុំស្រូបទោស ។

លោក ពេជ្រ ព្រហ្មមុន្នី ធ្លាប់បានតុលាការផ្តន្ទាទោសពីរសំណុំរឿងផ្សេងគ្នា។ សំណុំរឿងទី១ ត្រូវតុលាការផ្តន្ទាទោស៥ឆ្នាំ តែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ ពីបទ «ជំនួញឥទ្ធិពលអកម្ម» តាមមាត្រា៥៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សំណុំរឿងទី២ ត្រូវបានតុលាការផ្តន្ទាទោស១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ ពីបទជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ។

ដោយសារជនជាប់ចោទ និងព្រះរាជអាជ្ញា ពុំបានប្តឹងឧទ្ធរណ៍ សាលក្រមនេះបានចូលជាស្ថាពរ ហើយជនជាប់ចោទ ពេជ្រ ព្រហ្មមុន្នី បានក្លាយជាទណ្ឌិត ។

ដោយឡែក នាពេលសវនាការ ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ស្នើតុលាការស្រូបទោសមកនៅត្រឹម២ឆ្នាំ ដើម្បីឆាប់បានចេញពីពន្ធនាគារ ដោយមូលហេតុមានជំងឺ។

ប៉ុន្តែតុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយលោកចៅក្រម គឹម រ័ត្នណារិន បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះវិញ។ សាធារណជន រង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងណា ដូចម្ដេចចំពោះករណីនេះ៕

ដកស្រង់ពី៖FRESH NEWS