Social Network

សមត្ថកិច្ចឃាត់ខ្លួន ពលករខ្មែរ ២៧នាក់ បម្រុងឆ្លងដែនទៅរក ការងារធ្វើ ដោយខុសច្បាប់នៅថៃ

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន ពលករខ្មែរប្រុស ស្រីចំនួន ២៧នាក់ បម្រុងឆ្លងដែនចូល ទៅរកការងារធ្វើ ដោយខុសច្បាប់នៅថៃ តាមចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នេះបើយោងតាម ការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ។

លោកអនុសេនីយ៍ឯក ឱក សំណុក នាយរងការិយាល័យ នគរបាលប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជន បានឲ្យដឹងថា "ប្រជាពលរដ្ឋខ្មែរទាំង ២៧នាក់ ក្នុងនោះស្រី ១០នាក់ ពួកគាត់មកពីខេត្ត បាត់ដំបង មានបំណងឆ្លងដែនដោយ ខុសច្បាប់ទៅរក ការងារនៅប្រទេសថៃ ប៉ុន្តែពួកគាត់មិនមានប័ណ្ណ ឬលិខិតឆ្លងដែននោះទេ នៅពេលសមត្ថកិច្ចយើង សួរនាំពួកគាត់នោះគឺទៅ ធ្វើការងារដោយខុសច្បាប់ និងប្រថុយប្រថាន អាចនិងមានគ្រោះថ្នាក់ដោយយថាហេតុ ដើម្បីឲ្យស្របច្បាប់ សមត្ថកិច្ចចំរុះ បានយើងបានធ្វើការអប់រំ ណែនាំពួកគាត់ឲ្យវិល ត្រឡប់ទៅធ្វើលិខិតឆ្លងដែន ឲ្យបានត្រឹមត្រូវ កុំទៅខុសច្បាប់នាំឲ្យ មានគ្រោះថ្នាក់ ដោយប្រការផ្សេងៗ "។

បើតាមពលករដែល បម្រុងឆ្លងដែន ទាំងនោះ បាននិយាយ ប្រាប់សមត្ថកិច្ចថា ពួកគាត់លួចឆ្លង ដែនទៅប្រទេសថៃនេះ គឺមានបំណងទៅ ធ្វើការងារសំណង់ និងចម្ការ ។ ហើយក្រោយពី ទទួលបានការ អប់រំណែនាំពីសំណាក់ សមត្ថកិច្ចហើយនោះ ពួកគាត់ក៏ បានវិលត្រឡប់ ទៅភូមិដ្ឋាន ដើម្បីធ្វើលិខិតឆ្លងដែន បានត្រឹមត្រូវផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល