Social Network

បង្ក្រាបទីតាំង លួចនាំយកគ្រោងឆ្អឹងមាន់ ខូចគុណភាពពីថៃ រឹបអូស ឆ្អឹងមាន់បានជាង ២តោន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានបង្ក្រាបទីតាំង លួចនាំយក គ្រោងឆ្អឹងមាន់ ខូចគុណភាព ពីប្រទេសថៃ មួយកន្លែង ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប ដោយរឹបអូស បានគ្រោងឆ្អឹងមាន់ ខូចគុណភាព បានចំនួនជាង ២តោន ។

យោងតាម អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា ស្នងការរង និងជាប្រធាន ការិយាល័យ កណ្ដាលប្រឆាំង បទល្មើស និងលោក វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានដឹកនាំកម្លាំង ចុះត្រួពិនិត្យទីតាំង នាំចូលគ្រោងឆ្អឹងមាន់ ខូចគុណភាព ពីប្រទេសថៃ ដោយមានការ សហការណ៍ ពីមន្ត្រីកាំកុងត្រូលខេត្ត ជាច្រើននាក់ទៀត ។

ក្នុងការចុះត្រួត ពិនិត្យទីតាំង នាំចូលគ្រោង ឆ្អឹងមាន់ ខូចគុណភាព ខាងលើនេះ សមត្ថកិច្ចបានរកឃើញ គ្រោងឆ្អឹងមាន់ ចំនួន ២៤០ថង់ ស្មើនឹង ២តោន  ៤៥៧គីឡូក្រាម ។ បើតាម លោក ឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា ស្នងការរង បានឲ្យដឹងថា ម្ចាស់ទីតាំងដែលនាំ ចូលនូវ គ្រោងឆ្អឹងមាន់ ខូចគុណភាពនេះ មានឈ្មោះ លុយ តាំងឈយ ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំង ការិយាល័យ នគរបាល ប្រឆាំងបទល្មើស ខេត្តសៀមរាប ធ្វើការប្រគល់ជូន មន្ត្រីកាំកុងត្រូលខេត្ត ចាត់ការតាម នីតិវិធីច្បាប់ ៕ 

ដកស្រង់ពី៖ដើមអម្ពិល