Social Network

ប្អូនថ្លៃ​ស្រី​លួច​លុយ​បងថ្លៃ​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ដី​ឡូ​តិ៍ ជាង​១០​ម៉ឺន​ដុល្លារ ជាប់​ខ្នោះ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់(ត្រូវជាប្អូនថ្លៃ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីលួចលុយបងថ្លៃ ដែលជាម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍លក់ ចំនួនជាង១០ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ស្ត្រីសង្ស័យ កាលពីវេលាម៉ោង១៩និង១២នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាមពាក្យបណ្ដឹងជនរងគ្រោះចំនួន០២នាក់ រួមមាន ៖ ទី១.ឈ្មោះ ងួន ប៊ុនរី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

និងទី២.ឈ្មោះ ខេង សេងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងក្រុងប៉ោយប៉ែត ។ ស្ត្រីសង្ស័យមានឈ្មោះ វិន សុភក្ត្រា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាមការបំភ្លឺរបស់ដើមបណ្ដឹងទាំង២នាក់ បានបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៨ ជនរងគ្រោះទាំង០២នាក់ បានចូលហ៊ុនគ្នាបើកក្រុមហ៊ុនពុះដីឡូតិ៍លក់ ដែលមានទីតាំងនៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឱ្យឈ្មោះ វិន សុភក្ត្រា (ជនសង្ស័យ) ត្រូវជាប្អូនថ្លៃរបស់ពួកខ្លួន ជាអ្នកទទួលប្រាក់ពីអតិថិជន ដែលទិញដីឡូតិ៍របស់ក្រុមហ៊ុនខាងលើ ហើយខាងក្រុមហ៊ុនបានលក់ដីល្វែងអស់ តែមិនឃើញមានប្រាក់ក្នុងគណនេយ្យ ទើបមានការសង្ស័យ រហូតនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងក្រុមហ៊ុនពុះដីឡូតិ៍ បានត្រួតពិនិត្យមើលក្នុងគណនេយ្យ ទើបដឹងថា ជនសង្ស័យបានលួចប្រាក់របស់ក្រុមហ៊ុនអស់សរុបចំនួន ១០១,៦៩៣ដុល្លារ (មួយសែន មួយពាន់ ប្រាំមួយរយកៅសិបបី)ដុល្លារ ជនសង្ស័យបានលួចយកប្រាក់ថ្លៃឈ្នួលផ្ទះមួយចំនួនទៀត មិនបានបាញ់ចូលគណនេយ្យរបស់ក្រុមហ៊ុនឡើយ ក្រោយមកខាងក្រុមហ៊ុនដីឡូតិ៍បានហៅជនសង្ស័យ មកទូរទាត់ប្រាក់ តែជនសង្ស័យបាននិយាយថា ប្រាក់ទាំងអស់នោះ បានយកទៅប្រើប្រាស់រកស៊ីផ្ទាល់ខ្លួន និងលេងល្បែងអស់ហើយ ។ ក្រោយពីទទួលបានរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមរបស់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែតរួច នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ការិយាល័យជំនាញបានធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ដោយទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ៤៧១ អយ.ក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម ការិយាល័យជំនាញបានបញ្ជូនដីកាទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំណាត់ការតាមនីតិវិធី រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដើមបណ្តឹងខាងលើបាននាំឈ្មោះ វិន សុភក្ត្រា (ជនសង្ស័យ) មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំពាក់ព័ន្ធករណីរឿងហេតុខាងលើហើយធ្វើការឃាត់ខ្លួនតែម្ដង ។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព