Social Network

អគ្គិភ័យ​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង យីហោ «ស៊ីនហាយ» នៅម្តុំជិតរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងនគរបាល នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុមសង្គ្រោះ៧១១ ព្រលានយន្តហោះកងកេង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុន GTVC បានធ្វើការពន្លត់អគ្គិភ័យខាងលើ រលត់ទាំងស្រុងនៅវេលាម៉ោង០៣និង០០នាទីរសៀលថ្ងៃដដែល ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបអស់ចំនួន៦៨គ្រឿង ។

សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យនេះ មិនរាលដាលប៉ះពាល់ដល់អាគារក្បែរខាងឡើយ និងមិនមានមនុស្សរងគ្រោះនោះទេ ។ សមត្ថកិច្ចអោយដឹងទៀតថា ទ្រព្យសម្បត្តិ និងសម្ភារៈ ក្នុងហាងខារ៉ាអូខេ រងការខូចខាតស្ទើរទាំងស្រុង។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ៕

ដកស្រង់ពី៖កោះសន្តិភាព