Social Network

ឣា​វុ​ធ​ហត្ថ ​ឃាត់ខ្លួនក្មេង​ទំនើង ២៦​នាក់ បញ្ជូនទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងធ្វើប្រតិបត្តិការនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបានចំនួន២៦នាក់ ហើយនៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីឣនុវត្តតាមនីតិវិធី ។

ប្រតិបត្តិការ បង្ក្រាបករណីក្រុមក្មេងទំនើងធ្វើឡើង នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារៈមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ មីនា កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា មានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចំនួន២៥នាក់ រថយន្តស៊ឺរ៉ែន ចំនួន៥គ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ (ប្រុសទាំងឣស់) ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឺកនោមឃើញថា ឣវិជ្ជមាន ចំនួន០៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយ ធ្វើលិខិតធានាឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកក្មេងទំនើង ដែលមានសារធាតិញៀន ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព