Social Network

សមត្ថកិច្ច ស្រាយ​បំភ្លឺ ករណី​ហាមឃាត់​រថយន្ត​អគ្គិសនី​កែ​ច្នៃ​ដឹក​ភ្ញៀវ​ផឹកស៊ី​ចល័ត​តាម​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ ក្រោយ​មាន​មតិ​មិន​សប្បាយចិត្ត​ទៅ​លើ​ចំណាត់ការ​នេះ

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានស្រាយបំភ្លឺ ករណីការហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងពិសាស្រាបៀរតាមទីសាធារណៈ ក្រោយពីមានអ្នកលេងតាមបណ្តាញសង្គមមួយចំនួន បញ្ចេញមតិមិនសប្បាយចិត្តទៅលើចំណាត់ការរបស់សមត្ថកិច្ច ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានជម្រាបថា ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានធ្វើការអញ្ជើញអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀង ច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់ នូវសកម្មភាព ។

ក្រោយពីសមត្ថកិច្ចធ្វើការអប់រំម្ចាស់(បៀរ បាស) និងឱ្យបញ្ឈប់នូវសកម្មភាពដូចខាងលើ ក៏មានអ្នកលេងតាមបណ្តាញសង្គមមួយចំនួន បានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញនូវមតិមួយចំនួន មិនសប្បាយចិត្តទៅលើចំណាត់ការរបស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ថា មន្ត្រីនគរបាលមិនលើកទឹកចិត្តក្នុងការលើកស្ទួយវិស័យទេសចរណ៍ ។

ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា ការប្រកបមុខរបរធ្វើអាជីវកម្ម លើវិស័យទេសចរណ៍ ដោយស្របច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរ ដើម្បីបង្កើនជីវភាព និងទាក់ទាញទេសចរណ៍។ ប៉ុន្តែក្នុងករណីរាល់រថយន្ត ដែលធ្វើដំណើរតាមដងផ្លូវ គឺដែលមានការប្រើប្រាស់មធ្យោបាយ ជាពិសេសរថយន្ត ត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ស្លាកលេខ និងល្បឿន។ ប៉ុន្តែច្បាប់ បានអនុញ្ញាតទៅលើសហគ្រាសរបស់គាត់(បៀរ បាស) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្ម បើកភោជនីយដ្ឋាន នៅក្នុងកន្លែងទេសសចរណ៍ ដើរកម្សាន្ត ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជាងនេះ ដោយឃើញការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈ ដែលមានការចាក់ចម្រៀង ច្រៀងរាំ គងរំពង និងពិសាស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានីភ័យ អាចបង្កបញ្ហាគ្រោះ ដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យ បង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អ នៅក្នុងសង្គម។ ម្យ៉ាងវិញទៀតគាត់ដឹកភ្ញៀវ បម្រើសេវាស្រាបៀរជូនដល់ភ្ញៀវចំពោះមធ្យោបាយកែច្នៃខុសលក្ខណៈបច្ចេកទេស ប្រសិនពួកគាត់ស្រវឹងខ្វះការប្រុងប្រយ័ត្ន បើក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុណាមួយ ពេលធ្វើដំណើរលើដងផ្លូវ ថា តើអាចធានាសុវត្ថិភាពដល់ភ្ញៀវបានទេ ?

ការពិសាស្រាបៀរ ច្រៀងរាំ នៅទីសាធារណៈ តាមរយៈធ្វើដំណើរចល័ត លើដងផ្លូវបែបនេះ ជាការជំរុញឱ្យអ្នកដទៃ នាំគ្នាធ្វើសកម្មភាពតតាមគ្នា បង្កប៉ះពាល់សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលសមត្ថកិច្ចកំពុងពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ ។

បើតាមការបញ្ចេញមតិមួយចំនួន បានបង្ហាញការមិនសប្បាយចិត្ត ដូចជាគណនីហ្វេសប៊ុកឈ្មោះ Kevin Liu បានលើកឡើងថា «ឡានអគ្គិសនី មានន័យថា ជាឡានបៃតង ជួយដល់បរិស្ថាន បូករួមទាំងការដឹកភ្ញៀវបរទេស ឬជាតិ កម្សាន្ត គឺជារឿងច្នៃប្រឌិត នាំឲ្យបរទេសមានអនុស្សាវរីយ៍ល្អៗ ពេលមកលេងប្រទេសយើង ថែមទាំងបានជួយ រួមចំណែកបង្កើនចំណូលប្រទេសជាតិទៀត មានអ្វីមិនល្អ ?» ។ គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ថា ៖ «ខ្ញុំយល់ថា Beer Bus គឺជាការច្នៃប្រឌិតមួយ ដែលទាក់ទាញភ្ញៀវទេសចរ។ ខ្ញុំមិនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលសង្កាត់ចតុមុខ ក្នុងការបិទ ឬផ្អាក នូវដំណើរការ នៃរថយន្ត Beer Bus ទេ។ បើអស់លោក យកប្រយោជន៍របស់ប្រជាជនជាធំ សូមអស់លោកក្រឡេកមើលទៅប្រទេសជិតខាង មានដូចជាថៃ និងវៀតណាម ថាតើគេដើរដល់ណាហើយ ? » ។

គណនីហ្វេសប៊ុកឈ្មោះ Soben Phan បានលើកឡើងដែរថា ៖ «រទេះលក់លតឆា, រទេះលក់លៀសហាល, តុកតុក សុទ្ធតែជាមធ្យោបាយកែច្នៃទាំងអស់ហេតុអ្វីអាចធ្វើចរាចរនៅលើដងផ្លូវសាធារណៈ បាន ? ប្រទេសកម្ពុជា ត្រូវការភាពចម្រុះបែប នៃការកម្សាន្តដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ អាជ្ញាធរគួរណាស់ ផ្តល់តម្រាយផ្លូវជាក់លាក់ណាមួយ សម្រាប់រទេះនោះ ក្នុងការធ្វើដំណើរ ហើយគួរណាស់ ទទួលបានការលើកទឹកចិត្តដល់អាជីវកម្មបែបនោះ ទើបត្រឹមត្រូវ» ។

ជាមួយគ្នានេះដែរ ហ្វេសប៊ុកឈ្មោះ យ៉ែម សក្កដា ថា ៖ «គេធ្វើចឹង គេទាក់ទាញទេសចរណ៍ចង់ជិះ តែដល់រដ្ឋធ្វើចឹង ទេសចរណ៍មានអ្វីចាប់អារម្មណ៍ថ្មីៗ ទៅ ? មិនមែនមានតែប្រាសាទអង្គរ រងចាំទេសចរមកទស្សនានោះទេ។ ត្រូវមានអ្វីផ្សេងៗ ដែលលោកខាងលិច គេចង់សាក ចង់ដឹង។ អ្វីដែលអនាធិបតេយ្យនោះ គឺការចតរថយន្ត និងកង់បី នៅតំបន់ទេសចរណ៍ ទៅវិញទេ។ ឯណាពាក្យថា រួមគ្នាជិះឡានក្រុង ដើម្បីកាត់បន្ថយការកកស្ទះ ? ចុះគេធ្វើបែបឡានក្រុងនេះ ជិះបានញាំ បានសប្បាយហើយ គ្នាច្រើនទៀត បែរជាចាប់ទៅវិញ។ បងពិចារណាសិនទៅមើល ខ្ញុំត្រឹមពលរដ្ឋម្នាក់ទេ គ្មានអំណាចទេ បានត្រឹមឈឺចិត្ត ដែលខ្មែរយើងដើរយឺតជាងគេ ទាំងដែលគេរស់ក្រោយយើង» ។ មានមតិជាច្រើនទៀត ក៏បានលើកឡើងដែរថា កំណត់តំបន់ទេសចរណ៏អោយពួកគាត់ទៅ ប្រទេសដែលមានទេសចរណ៏ច្រើន គេមានអាហ្នឹងដែរ សូម្បីថៃ និងនៅកោះបាលី។ បើប្រទេសយើងមានអ្វីដែលធ្វើអោយបរទេសសប្បាយ និងសុវត្ថិភាព គេនឹងមកលេងច្រើន។

សម័យនេះហើយ គេស្វាគមន៏ណាស់សម្រាប់ទេសចរណ៏ ព្រោះគេយកលុយមកចាយស្រុកយើង ។ គួរតែ ណែនាំ ប្រសិនបើបង្កសំឡេងរំខានជាដើម គួរតែតម្រូវ លើផ្លូវណា ដែលអាចអោយរត់បាន ដើម្បីជាការទាក់ទាញទេសចរណ៍។ របរបែបនេះ មិនគួរហាមឃាត់ទេ តែយើងអាចកំណត់តំបន់ផ្លូវ ដែលអនុញ្ញាតឱ្យចរាចរណ៍បាន ដែលមិនប៉ះពាល់ ។ គួរជម្រាបដែរថា រថយន្តអគ្គិសនី ដែលគេកែច្នៃ និងដាក់ឈ្មោះ Beer Bus សម្រាប់ដឹកភ្ញៀវផឹកស៊ីចល័តតាមដងផ្លូវនានា ក្នុងក្រុងភ្នំពេញ ដោយតម្រូវឲ្យភ្ញៀវកក់ រឺទិញសំបុត្រជាមុន ក្នុងម្នាក់ៗចំនួន ៣០ដុល្លារអាមេរិក ទើបអាចឡើងរថយន្ត ជិះកម្សាន្ត មើលទេសភាពដ៏អស្ចារ្យ នៅរាជធានីភ្នំពេញ មានតន្ត្រីកំដរអារម្មណ៍ មានភេសជ្ជៈ ទឹក អាហារសម្រន់បែបប្រពៃណី និងផឹកស្រាបៀរក្នុងស្រុក ដោយឥតដែនកំណត់ រយៈពេល២ម៉ោង (ចាប់ពីម៉ោង៦ល្ងាច ដល់៨យប់) ៕

ដកស្រង់ពី៖កោះសន្តិភាព