Social Network

ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច រួច​បន្ត​ទៅ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ទៀត ត្រូវ​នគរបាល​ក្របួច​បាន​៣​នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ធ្វើជាជាងមាស និងកម្មកររោងចក្រ មិនកាក់កប ក៏បែកគំនិត ធ្វើចោរឆក់វិញម្ដង ហើយបានធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីម្នាក់ កំពុងដើរតាមផ្លូវ បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាព។

លុះរយៈពេល១៥នាទីក្រោយមក បានបន្តទៅឆក់កាបូបពីស្ត្រីម្នាក់ទៀត ដែលកំពុងជិះកង់អាគុយតាមផ្លូវ បានសម្រេចទៀត ក៏ព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោឡោ ហើយក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ដេញតាមឃាត់ខ្លួនបានទាំង៣នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះវេលាម៉ោង០៨និង១៥នាទី ដល់ម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ១. ឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងមាស មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ២. ឈ្មោះ ឡុង ជូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

៣. ឈ្មោះ វន្នី ភារវុធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងមាស មានទីលំនៅភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកស្ត្រីរងគ្រោះ ចំនួន២នាក់ ៖ ១. ឈ្មោះ ម៉ក់ សុផល អាយុ៤៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទូរសព្ទរបស់គាត់ម៉ាក OPPO F9 ។

២. ឈ្មោះ យ៉ន បុប្ផា អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅផ្ទះលេខ៤៨H ផ្លូវលេខ១១១K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យបានឆក់កាបូបស្ពារបស់នាង ដែលនៅក្នុងកាបូបនោះមាន មានទូរសព្ទម៉ាក OPPO F9 មួយគ្រឿងប៉ុណ្ណោះ ។ មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ខណៈស្ត្រីរងគ្រោះឈ្មោះ ម៉ក់ សុផល ដើរចេញពីធ្វើការរោងចក្រ ហើយដកទូរសព្ទពីក្នុងហោប៉ៅ ដើម្បីខលទៅប្ដី ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូទៅឆក់យកបានសម្រេច រួចបាននាំគ្នាជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព។

បន្ទាប់មកក្រុមនេះ អត់បានសំងំលាក់ខ្លួននោះឡើយ រយៈពេល១៥នាទីក្រោយមក ក៏បានបន្តទៅធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះឈ្មោះ យ៉ន បុប្ផា ម្នាក់ទៀតខណៈដែលនាងកំពុងជិះកង់អាគុយចេញពីធ្វើការរោងចក្រត្រលប់ទៅផ្ទះម្នាក់ឯង។

នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងកាបូបនោះមានតែទូរសព្ទ OPPO ១គ្រឿងប៉ុណ្ណោះ ហើយក្រោយពេលឆក់បានសម្រេច ក្រុមជនសង្ស័យបានព្យាយាមជិះម៉ូតូ២គ្រឿងគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលពេញដងផ្លូវ ខណៈនោះត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅទី២ ល្បាតតាមផ្លូវនោះដែរ ជួយអន្តរាគមន៍ ដេញតាមជាច្រើនគីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៣ ចំណុចខ្លោងទ្វារវត្តព្រៃស្ពឺ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ទើបឃាត់ខ្លួនបានទាំង៣នាក់ រួចនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព