Social Network

គាស់​បន្ទប់​​លួច​បាន​សម្រេច តែ​ម៉ូតូមិនអាចបញ្ឆេះ​! បណ្ដើរ​តាម​ផ្លូវ ជួប​នគរបាល​កំពុង​ល្បាត ជាប់​ខ្នោះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួល មួយកន្លែង ហើយលួចយកបានម៉ូតូ១គ្រឿងបានសម្រេច ប៉ុន្តែម៉ូតូអត់ឆេះ ជិះអត់កើត ក៏បានព្យាយាមបណ្ដើរម៉ូតូ ដើម្បីយកទៅលាក់ទុក ចៃដន្យជួបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងជិះល្បាត ក៏បានឃាត់សួរនាំ ស្រាប់តែជនសង្ស័យភ័យ ផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនឡើងទៅលើផ្ទះអ្នកភូមិ ហើយក៏ត្រូវកម្លាំងនគរបាលដេញតាមចាប់បានភ្លាមៗ តែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ១២បេ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ប៉ិន សៀងហាក់ អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។ ចំណែកម៉ូតូ ដែលជននេះលួច ម៉ាកស៊ុយហ្ស៊ុយគី និច ពណ៍ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាក1AB-8560 ជាកម្មសិទ្ធិរបស់ឈ្មោះផន លីហ្សា ភេទស្រី អាយុ២១ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ ។

មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលត្រូវឃាត់ខ្លួន ជនសង្ស័យរូបនេះបានធ្វើសកម្មភាពគាស់ទ្វារបន្ទប់ជួលលួចយកម៉ូតូ១គ្រឿងបានសម្រេច ប៉ុន្តែម៉ូតូអត់ឆេះ ជិះអត់កើត ជនសង្ស័យក៏ព្យាយាមអូសបណ្ដើរតាមផ្លូវ ដើម្បីយកទៅលាក់ទុក។ ពេលនោះ បានជួបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងល្បាត ហើយដោយមានកាសង្ស័យ ទើបនគរបាលក៏បានហៅសួរនាំ ស្រាប់តែជនសង្ស័យ ផ្ដួលម៉ូតូចោល រួចរត់គេចខ្លួន ឡើងទៅលើផ្ទះអ្នកភូមិ ហើយក៏ត្រូវបានកម្លាំង ដេញតាមឃាត់ខ្លួនបាន ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ភ្លាមៗនោះ កម្លាំនគរបាល ពុំបានដឹងថា ជនសង្ស័យរូបនោះ គឺជាចោរនោះទេ ហើយម៉ូតូដែល១គ្រឿង ដែលជននេះបណ្ដើរ គឺទើបនឹងលួចបាននោះឡើយ។ ប៉ុន្តែក្រោយពេលឃាត់ខ្លួនបាននាំទៅធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់បន្ទប់ជួល នៅម្ដុំខាងក្រោយតារាងបាល់ទះ Happy Sport លួចយកបានម៉ូតូ១គ្រឿងនេះ។ ទើបបានដឹងថា ជននេះគឺជាចោរ បន្ទាប់មក ក៏បាននាំទៅចង្អុលបង្ហាញទីតាំងកើតហេតុ រួចបានឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង និងទទួលយកម៉ូតូត្រលប់ទៅវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព