Social Network

ទីតាំង​ទទួលផល​ចោរកម្ម​«​ទិញ​-​លក់​ម៉ូតូ​»​លាក់​ខ្លួន​ក្នុង​ខណ្ឌទួលគោក​បាន​បង្ក្រាប​ហើយ

រាជធានីភ្នំពេញ ៖ ក្រោយពីបើកប្រតិបត្តិការបង្ក្រាបនូវទីតាំងទិញ-លក់ម៉ូតូមួយកន្លែង ដែលពាក់ព័ន្ធករណីទទួលផលចោរកម្មនោះ សមត្ថកិច្ចបានរកឃើញម៉ូតូជាច្រើនគ្រឿង រួមទាំងស្លាកលេខ កាតគ្រី និងរបស់បរផ្សេងជាច្រើនទៀត បើទោះបីម្ចាស់បានរត់គេចខ្លួនបាត់កីដោយ ។

ការបង្ក្រាបនេះ មានការទទួលសាទរពីប្រជាពលរដ្ឋនិយាយថា «មានអ្នកទិញអុីចឹងបានសម្បូរចោរម្ល៉េះ បង្ក្រាបមិនចេះអស់ ខ្ញុំសូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្នងការរាជធានីភ្នំពេញ» ។

យោងតាមស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការបង្ក្រាបទីតាំងទិញ-លក់ម៉ូតូមួយកន្លែង គឺមានជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្មនៅខណ្ឌទួលគោក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ប្រភពបន្តថា កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងទិញ-លក់ម៉ូតូ ស្ថិតនៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។ រីឯម្ចាស់ទីតាំងគេចខ្លួនបាត់ស្រមោល ។

ចំពោះសម្ភារដែលដកហូតបានមានម៉ូតូចំនួន៣១គ្រឿង, ផ្លាកលេខម៉ូតូចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២, អត្តសញ្ញាណប័ណ្ណចំនួន១១ច្បាប់, សំបុត្រកំណើតចំនួន០៣ច្បាប់, ធុងខ្យល់សម្រាប់កឹបស្លាកលេខចំនួន០១ និងកូនសោមួយចំនួន។ បចុប្បន្ន ទីតាំងខាងលើ បានត្រូវបានបិទជាបណ្ដោះអាសន្ន ចំណែកសម្ភារៈដកហូតគឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព